(វៀងចន្ទន៍)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថាឡាវហាក់ដូចជាប្រឹងសន្សំសំចៃខ្លាំងណាស់ សម្រាប់ការរៀបចំលម្អទីក្រុង និងការទទួលគណៈប្រតិតភូដែលអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយជាមួយបណ្ដាញព័ត៌មាន Fresh News ពីទីក្រុងវៀងចន្ទន៍ លោក ពុយ គា បានបញ្ជាក់បែបនេះថា៖ «នៅក្នុងសៀវភៅ “អាថ៌កំបាំងក្រៅឆាក” ខ្ញុំធ្លាប់សរសើរឡាវថាជាប្រទេសចិត្តទូលាយដែលទទួលភ្ញៀវមិនឱ្យទាស់ចិត្តរឿងម្ហូបអាហារកាលដែលខ្លួនធ្វើម្ចាស់ផ្ទះប្រជុំអាស៊ាននៅឆ្នាំ២០១៦ ប៉ុន្តែឆ្នាំនេះ គួរឱ្យសង្វេគ ឡាវបានព្យាយាមសន្សំសំចៃខ្លាំងណាស់ សូម្បីម្ហូបអាហារទទួលភ្លៀវ និងការរតុបតែងលម្អទីក្រុងត្រូវបានកម្រិតជាអតិបរមា»។
បើតាមការសង្កេតពីប្រធានក្លិបអ្នកកាសែតខាងលើ ស្ថានភាពនៃប្រទេសឡាវហាក់មានភាពស្ងប់ស្ងាត់ មិនសូវឃើញមានភ្ញៀវទេចរច្រើនទេនៅក្នុងទីក្រុងវៀងចន្ទន៍ អ្នកបើកបរឡានឱ្យលោកដែលជាជនជាតិឡាវបាននិយាយប្រាប់ថា ចំនួនទេសចរប្រសើច្រើនជាងសម័យកាលកូវីដ ប៉ុន្តែតម្លៃម្ហូបអាហារ និងចំណាយការរស់នៅថ្លៃជាងមុន។
«យ៉ាងណាក៏ដោយ ដោយសារមានរទេះភ្លើងល្បឿនលឿនទៅដល់ប្រទេសចិន ធ្វើឱ្យទេសចរចិនបន្តចេញចូលមកកាន់ប្រទេសឡាវ បើទោះបីជាចំនួនមិនច្រើនដូចការរំពឹងទុកក្តី ហើយភ្ញៀវនោះទៀតសោត ជាភ្ញៀវរាយ មិនមែនមកតាមក្រុមហ៊ុនទេសចរជាក្រុមៗច្រើននោះឡើយ» នេះបើយោងតាមសម្តីរបស់លោក កាំតាន់ ដែលជាអ្នកបើកបររថយន្ត។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ៕