(កែប)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការវាយតម្លៃអំពីការអនុវត្ដពង្រឹងការងារសន្តិសុខ និងតំបន់ភូមិសាស្រ្ដស្មុគស្មាញ នៅស្នងការដ្ឋាននគរបាលខេត្តកែប។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្ដមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, លោកឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន, លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលផែនការងារសន្ដិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ អាវុធគ្រឿងផ្ទុះ ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន និងលោកស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យពាក់ព័ន្ធ នាយការិយាល័យសន្តិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក-ផ្លូវទឹក ទេសចរណ៍ និងអាវុធជាតិផ្ទុះ អគ្គិភ័យ លោកអធិការ អធិការរង ផ្នែកពាក់ព័ន្ធ ព្រមទាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប, លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង បានថ្លែងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ដក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាការរួមចំណែកធ្វើឲ្យសង្គមជាតិ ទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ និងបានពុះពារគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថេរភាពនយោបាយល្អប្រសើរ ប្រទេសជាតិមានសុខសន្ដិភាពពេញលេញបរិបូរណ៍ បច្ចុប្បន្នកម្ពុជាទទួលបានសន្ដិភាព សេរីភាព ប្រជាធិបតេយ្យទាំងការអនុវត្តស្របតាមគោលការណ៍នីតិរដ្ឋ និងច្បាប់ កត្ដាទាំងនេះបានមកពីការចូលរួមពីបណ្ដាអង្គភាពកម្លាំងអនុវត្ដច្បាប់ ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ធំធេង ឈរលើមូលដ្ឋានរឹងមាំមួយ គឺសន្ដិភាព ពិសេសការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានណែនាំកងកម្លាំងត្រូវបន្ដបង្កើនកិច្ច សហការរវាងជំនាញពាក់ព័ន្ធសាមគ្គីភាពផ្ទៃ ក្នុងដើម្បីសម្រេចបាននូវកត្ដាជោគជ័យជូនអង្គភាព និងរក្សាបានសន្ដិសុខ សុវត្ថិភាព និងស្ថេរភាពសង្គម៕