(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះកិច្ចព្រមព្រាងលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ការចុះ MoU នេះធ្វើឡើងក្រោមអធិបតីភាពលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងវិស័យសិល្បៈខ្មែរសរុបជិត៣០០នាក់។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភក្រ្តា) ជាអគ្គនាយកក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប។
អ្នកឧកញ៉ា ឡេង ភក្រ្តា បានថ្លែងថា នេះជាលើកដំបូងសម្រាប់ក្រុមហ៊ុនដែលបានចុះអនុស្សរណៈនៃការយោគយល់ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាមួយគ្នានោះ ដើម្បីសម្រេចឲ្យបានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នឹងដាក់ចេញនូវផែនការគោលដូចខាងក្រោម៖
*ទី១៖ ពង្រឹងសមត្ថភាព និងចំណេះដឹងដល់ បុគ្គលិកក្រុមហ៊ុនទាំងអស់ និងសិល្បករសិល្បការិនី ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធនឹងផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន មុនពេលផ្សព្វផ្សាយ និងអប់រំ។
*ទី២៖ ចូលរួមគ្រប់សកម្មភាពការងារផ្សព្វផ្សាយ និងអប់រំដែលជាតម្រូវការរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។
*ទី៣៖ លើកទឹកចិត្ត បំផុសស្មារតី និងជំរុញឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន និងសិល្បករ សិល្បការិនី អ្នកផលិតកម្មវិធី អ្នកគ្រប់គ្រងកម្មវិធីឱ្យជួយបញ្ជ្រៀបពីខ្លឹមសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
*ទី៤៖ ខិតខំបង្កើតមាតិកាអប់រំល្អៗដើម្បីចាក់ឲ្យចំបេះដូងអ្នកស្តាប់ និងទស្សនា។
ថ្លែងក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាអធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ នាពេលនោះលោក នេត្រ ភក្រ្តា បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ភក្រ្តា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និយាយដោយឡែក និយាយជារួម គឺចូលរួមជួយសង្គមជាតិយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដែលបានបង្កជាផលប៉ះពាល់ និងជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយនោះ ក្នុងនាមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី, លោក នេត្រ ភក្រ្តា ក៏បានពាំនាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍ដែល សម្តេចមហាបវរធិបតី បានដាក់ចេញនាពេលកន្លងមក ពិសេសឲ្យចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។
ជាមួយគ្នានេះលោក នេត្រ ភក្រ្តា បានថ្លែងលើកបន្ថែមថា សំដីអ្នកសិល្ប:អ្នកឆាប់ចាក់ចូលជ្រៅក្នុងក្រអៅបេះដូងទស្សនិកជន ហើយការបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយៈអ្នកសិល្ប:ល្បីៗ នឹងឆាប់ជ្រាបសុសសាយនិងចាកចេញឆ្ងាយពីបញ្ហា គ្រឿងញៀន និងសំណូមពរឱ្យក្រុមហ៊ុនហ្កាឡាក់ស៊ីផផលិតចម្រៀងនិងរឿងអប់រំពីគ្រឿងញៀនឱ្យបានច្រើនដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ និងចូលរួមជំរុញការទាញយក App Nodrug៖ https://nodrugsnacd.com/download ៕