(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រីនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១៦៖០០នាទី លុះដល់វេលាម៉ោង១៩៖០០នាទី មានការអុជកាំជ្រួចលើកទី១ និងលើកទី២ នៅវេលាម៉ោង២១៖០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ការរៀបចំនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីអបអរសាទរខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រគំតន្ត្រី មេត្តាយោគយល់ អធ្យាស្រ័យ ព្រោះទីតាំងនេះនឹងមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីយ៉ាងច្រើនកុះករនេះ។
ដោយឡែក ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើនាវាចរ ឆ្លងកាត់ទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ត្រូវធ្វើនាវាចរដោយរក្សាគម្លាតយ៉ាងតិចចម្ងាយ២០០ម៉ែត្រ ពីសាឡង់អុជកាំជ្រួច នៅក្នុងអំឡុងពេលម៉ោងអុជកាំជ្រួចដូចបានជម្រាបជូនខាងលើ៕