(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងជម្រាបជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋាន ដើម្បីស្វែងយល់ពី បច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហការល្អរវាងសហភាតរក្នុងនាយកដ្ឋាន និងអន្តរនាយកដ្ឋានជំនាញផ្សេងៗ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ០៦ ចំនុចសំខាន់ៗ ក្នុងនោះមាន៖
១៖ ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់។
២៖ នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។
៣៖ ប្រសិទ្ធភាពនៃការសម្របសម្រួលនៃកិច្ចដំណើរការអនុវត្ត។
៤៖ ប្រឹងប្រែងកសាងសមត្ថភាព បច្ចេកទេស និងធនធានមនុស្ស ដោយផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗរបស់អង្គភាព។
៥៖ ការវាយតម្លៃ និងតាមដានការងារជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់ការកែលម្អឱ្យកាន់តែប្រសើរឡើង។
៦៖ ត្រូវមាននវានុវត្តន៍ និងការសម្របសម្រួល ដោយការលើកទឹកចិត្តឱ្យមន្ត្រីនាយកដ្ឋាន ឈានទៅដល់ការនវានុវត្តន៍ក្នុងការងារ ព្រមទាំងឱ្យមានប្រសិទ្ធភាពកាន់ខ្ពស់។
ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋានផងដែរ៕