(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាព័ត៌មានក្លែងក្លាយជាង ៣ពាន់ករណី ក្នុងនោះករណីព័ត៌មានក្លែងក្លាយជាច្រើនបានកើតឡើងលើបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋបានទទួល និងមួយចំនួនបានក្លាយជាជនរងគ្រោះដោយសារតែព័ត៌មានក្លែងក្លាយរួចមកហើយ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ លោករដ្ឋមន្ត្រីបានបន្តថា ដោយសង្កេតឃើញនូវបញ្ហាទាំងអស់នេះហើយ ទើបក្រសួងព័ត៌មានរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះឡើងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាន និងសោតទស្សន៍ និងភាពចាំបាច់ដែលជាមូលដ្ឋានគ្រឹះរួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្ត វិជ្ជាជីវៈរបស់ខ្លួនសំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃបណ្តាញព័ត៌មានទំនើបបានកើនឡើងច្រើនរហូតមកដល់ពេលនេះ
ក្រសួងព័ត៌មានបានចេញអាជ្ញាប័ណ្ណឱ្យអង្គភាព ទូរទស្សន៍ គេហទំព័រ និងទូរទស្សន៍អនឡាញ សរុប ១០០០អង្គភាព ឬ ១០០០អាជ្ញាប័ណ្ណ ដោយមិនទាន់និយាយពីអង្គភាពអនឡាញមួយចំនួន ដែលកំពុងតែប្រតិបត្តិការដោយមិនមានច្បាប់ ឬមិនទាន់បានចុះបញ្ជីនៅក្រសួងព័ត៌មាន ត្រឹមត្រូវនៅឡើយទេ។

បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ហាកំណើនបណ្តាញព័ត៌មានទំនើបនេះជាបញ្ហាមួយបង្កើតឱ្យមានចំណុចអវិជ្ជមានក្នុងការផ្តល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសដែលបច្ចេកវិទ្យារីកចម្រើនបណ្តាញទំនាក់ទំនងសង្គម មានភាពងាយស្រួល ហើយនរណាក៏អាចបង្កើតបាននូវបណ្តាញសង្គមនេះ ខណៈការរឹតបន្តឹងខ្លាំងនៅឡើងទៅលើការបង្កើតគណនីព័ត៌មានក្លែងក្លាយ ឬការគ្រប់គ្រងទៅលើការអនុវត្តនូវស្តង់ដារប្រតិបត្តិលើគោលការណ៍មួយចំនួនជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រេា បានបន្ថែមយ៉ាងដូច្នេះថា៖ «បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៉ីនធឺណិតបង្កើតមាតិកាជាច្រើន ជាពិសេសតាមរយៈគណនីយ៉ាងសម្បូរបែបលើបណ្តាញទំនាក់ទំនងសង្គមរបស់គេ ដែលបានយកទៅបម្រើការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយផ្សេងៗជាសាធារណៈជាប្រចាំ ដោយមិនបានគិតដល់ហានិភ័យ និងផលវិបាកនានា ដែលព័ត៌មានកាឡៃ បំភ្លៃ បំភ័ន្ត ទាំងនោះបានបង្កឡើងដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ព័ត៌មានឡើយ។ ទង្វើទាំងនេះបានប៉ះពាល់ដល់ការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល»

ជាមួយគ្នាននេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើង និងអនុវត្តឱ្យស្របទៅនឹងពេលដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីក ចម្រើនពីថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។

ជាក់ស្តែង ការផលិត និងចែកចាយមាតិកាជាសាធារណៈ តាមប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គម មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បន្ថែមលើការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់រដ្ឋ និងឯកជន។ ស្ថានភាពបែបនេះបានធ្វើឱ្យសង្គមកម្ពុជាមានប្រភពចែកចាយព័ត៌មានច្រើន ទាំងផ្លូវការនិង មិនផ្លូវការ ដោយបានផ្សាយព័ត៌មានទាំងពិតនិងមិនពិត ក្នុងនោះការផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ការអនុវត្តផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើសិទ្ធិហួសព្រំដែនច្បាប់កំណត់ កំពុងនៅលាយឡំគ្នាដែល ចាំបាច់ត្រូវការគិតគូរនិងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នេះ។

ទាំងនេះបានបង្កជាផលវិបាកនានាជាបន្តបន្ទាប់ដល់ការរស់នៅប្រចាំថ្ងៃ ភាពសុខសាន្ត សណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យមានមហន្តរាយដល់សង្គមគ្រួសារ និងសង្គមជាតិទៀតផង។ សង្គមមួយមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរណ៍នូវព័ត៌មានពិត និងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់ឱ្យប្រជាពលរដ្ឋយកធ្វើជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្តក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងព័ត៌មានជាសេនាធិការលើវិស័យព័ត៌មាននិងសោតទស្សន៍ បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងលំហព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យស្របតាមសម័យកាល និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត។

ធម្មនុញ្ញនេះ នឹងធានាសុខដុមនីយកម្មនិងសង្គតិភាពនៃក្រមសីលធម៌ វិជ្ជាជីវៈក្នុងវិស័យព័ត៌មាននិងសោតទស្សន៍, បង្កើតនិយាមប្រតិបត្តិរួមដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកបអាជីពក្នុង វិស័យព័ត៌មាននិងសោតទស្សន៍, រៀបចំនិងធានាសណ្តាប់ធ្នាប់របៀបរៀបរយនៃវិជ្ជាជីវៈសារព័ត៌មាន, លើកកម្ពស់គុណតម្លៃ និងឥទ្ធិពលជាវិជ្ជមាននៃវិជ្ជាជីវៈសារព័ត៌មានជាអំណាចទី៤ ក្នុងសង្គមកម្ពុជា សំដៅបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-51-0.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-53-1.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-55-2.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-57-3.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-58-4.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-56-59-5.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-57-00-7.JPG http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-57-02-8.JPG

http://image.freshnewsasia.com/2021/id-132/fn-2024-07-25-15-57-13-0.JPG