(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ដែលជាអតីតមន្រ្តីសមាគមអាដហុក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លើមន្រ្តីតុលាការខេត្តសៀមរាប។
លោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីដែលបានធ្វើអត្ថាធិប្បាយចោទប្រកាន់មន្រ្តីតុលាការទាំង២នេះថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការចោទប្រកាន់និងចាប់ខ្លួនអ្នកភូមិពីរនាក់ដាក់ពន្ធនាគារ ចំពោះការតវ៉ាប្រឆាំងក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial) ដែលអ្នកភូមិចោទថាព្យាយាមរឹបអូសយកដីស្រែរបស់ពួកគាត់។
សូមបញ្ជាក់ថា កាលពីខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកក្នុងការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា បន្ទាប់ពីជនជាប់ចោទ នី ចរិយា បានប្តឹងដើម្បីផ្លាសប្តូរចៅក្រម ជំនុំជម្រះ។ លោក នី ចរិយា ដែលកំពុងជាប់នៅក្នុងការឃុំឃាំងក្នុងពន្ធនាគារ PJ ក៏កំពុងជាប់ចោទនៅក្នុងសំណុំរឿងមួយផ្សេងទៀតផងដែរ នោះគឺបទសមគំនិតសូកប៉ានសាក្សី នៅក្នុងរឿងក្តីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ៕