(ភ្នំពេញ)៖ លោក អ៊ុង គង្គា និងលោកស្រី ជាំង ណាន តំណាងអង្គការសប្បុរសធម៌ខ្វនថឹម កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកអំណោយជាម៉ាសុីនកុំព្យូរទ័រប្រើរួចចំនួន២១គ្រឿង ឧបត្តម្ភជូនក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោក ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងការបើកថ្នាក់បង្រៀនកុំព្យូទ័រ ជូនសិស្សានុសិស្សនៅសាលារៀន ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
លោករដ្ឋលេខាធិការ ទិត សុធា និងសមាជិកក្រុមការងាររបស់លោក បានផ្តល់ការសំណេះសំណាល ជាមួយតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសទទួលនូវអំណោយម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ទិត សុធា ក៏បានណែនាំដល់ភ្ញៀវអំពីស្ថានភាពរីកចំរើនគ្រប់វិស័យនៅក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្វះខាតមួយចំនួន ដែលក្រុមការងារកំពុងខ្នះខ្នែង ជួយដោះស្រាយផងដែរ។
លោក ទិត សុធា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសប្បុរសធម៌ ខ្វនថឹមនាពេលកន្លងមក ដែលបានបរិច្ចាគថវិកាជួយសាងសង់សាលារៀនមួយចំនួននៅទីជនបទក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ជាច្រើនទៀត។
លោក អ៊ុង គង្គា បានជំរាបពីស្ថានភាពទូទៅរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២២។
លោកបន្តថា ខ្វនថឹមគឺការប្រមូលផ្តុំកំលាំងមនុស្សធម៌តូចៗ រួមគ្នាអោយធំអោយខ្លាំង ដើម្បីជួយដល់សង្គម ដែលបច្ចុប្បន្នអង្គការនេះមានសមាជិកប្រហែល១០០នាក់ ក្នុងនោះ សមាជិកភាគច្រើនជាពាណិជ្ជករមកពីប្រទេសចិន និងខ្លះទៀតជាពលរដ្ឋកម្ពុជាផងដែរ។
លោកថា ពួកគាត់មករកសុី វិនិយោគទុនបង្កើតរោងចក្រ កសិដ្ឋាន ការដ្ឋានសំណង់។ល។និង។ល។ ផ្តល់ការងារជូនប្រជាជនកម្ពុជា និងមានបំណងចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមលើកកំពស់សុខុមាលភាពប្រជាជន និងការអប់រំនៅទីជនបទ។លោកថា អំណោយជាម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ គឺបានមកពីការបរិច្ចាគកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួន ព្រោះចង់ចូលរួមបណ្តុះបណ្តាលអោយសិស្សនៅជនបទបានរៀនកុំព្យូទ័រ ហើយក្លាយជាធនធានមនុស្សនៅថ្ងៃអនាគតដែលអាចជួយសង្គមអោយកាន់តែរីកចំរើន។
លោក អ៊ុង គង្គាបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីស្ថានភាពសាលារៀនមួយចំនួននៅក្នុងមូលដ្ឋានឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលកំពុងខ្វះខាត ពិសេសអាគារសិក្សាសាលាបឋមសិក្សាតាប៉ោង ដែលចាស់ទ្រុឌទ្រោមនិងរងការខូចខាត បណ្តាលអោយសិស្សានុសិស្សខ្វះបន្ទប់រៀន ហើយត្រូវផ្លាស់ទៅរៀនជាបណ្តោះអាសន្ននៅក្នុងទីអារាមក្បែរនោះ ។លោកបានសំណូមពរអោយខាងគណៈគ្រប់គ្រងសាលានិងក្រុមការងាររាជរដ្ឋាភិបាលធ្វើការវាយតំលៃ និងប៉ាន់ស្មានខ្ទង់ចំណាយដើម្បីធ្វើការជួសជុលអាគារសិក្សានេះឡើងវិញ ហើយអង្គការសប្បុរសធម៌ខ្វនថឹមនឹងជួយឧបត្ថម្ភលើការងារនេះ៕