(ភ្នំពេញ)៖ ចៅស្រីច្បង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញនឹងលើកទឹកចិត្តដល់សិស្សានុសិស្សនៃសាលាជំនាញទាំង៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ខិតខំប្រឹងប្រែងសិក្សារៀនក្រេបយកចំណេះដឹង ជាពិសេសចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណី ដែលដូនតាបន្សល់ទុក ឱ្យបានគង់វង្ស។
ការលើកទឹកចិត្តរបស់ចៅស្រីច្បងរបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ច នៅសាលាមធ្យមវិចិត្រសិល្បៈ។
ចៅស្រីច្បងសម្តេចតេជោ ក៏បានកោតសរសើរអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាទៀតផង ហើយដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌ នាងបានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលកូនស្រីរបស់លោកស្រី ហ៊ុន ម៉ាណា ធ្វើសកម្មភាពសង្គម។ ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន រូបនេះ បានបញ្ចប់ថ្នាក់បរិញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយ នៅអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន កាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ធ្លាប់នាំនាងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសម្តេចបញ្ជាក់ថា ដើម្បីឲ្យចេះរៀនធ្វើការងារ។ សម្តេចតេជោ ក៏ធ្លាប់បានប្រកាសផ្តល់ភូមិគ្រឹះនៅក្រុងតាខ្មៅដល់ចៅស្រីច្បង និងគាំទ្រដល់នាងសម្រេចបំណងនាពេលអនាគតផងដែរ៕