(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានទទួលអំណោយពីសប្បុរសជនជាអង្ករចំនួន ៧តោន និងទឹកបរិសុទ្ធចំនួន ២០០កេស។
អំណយទាំងនេះជាការឧបត្ថម្ភរបស់លោកឧកញ៉ា ប៊ុន ហួត និងភរិយា ព្រមទាំងកូនៗ និងឧកញ៉ា ហួត លីមីង និងភរិយា ព្រមទាំងកូនៗ បានសហការគ្នានាំនៅអង្ករ និងទឹកបរិសុទ្ធផ្តល់ជូនដល់រដ្ឋបាលខេត្តតាកែវ ក្នុងន័យជួយចំពោះជនងាយរងគ្រោះផ្សេងៗទៅតាមតម្រូវការចាំបាច់ជាក់ស្តែង។
លោក វ៉ី សំណាង បានសម្តែងក្តៅសោមមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ប៊ុន ហួត និងភរិយា ព្រមទាំងកូនៗដែលបានឧបត្ថម្ភ អង្ករ ២តោន និងលោកឧកញ៉ា ហួត លីមីង និងភរិយា ព្រមទាំងកូនៗដែលបានឧបត្ថម្ភ អង្ករ ៥តោន និងទឹកសុទ្ធ ២០០កេស ជូនដល់រដ្ឋបាលខេត្តតាកែវសម្រាប់ប្រើប្រាស់តាមការចាំបាច់។
លោកអភិបាលខេត្តតាកែវ បានបន្ថែមថា ជាក់ស្តែងចំពោះមុខរដ្ឋបាលខេត្ត ពិតជានៅត្រូវការជំនួយពីសប្បុរសជនបន្ថែម ដើម្បីបន្តជួយដល់ជនងាយរងគ្រោះ កុមារកំព្រា ស្ត្រីមេម៉ាយខ្វះខាត ចាស់ជរាគ្មានទីពឹង ព្រមទាំងជនពិការផងដែរ៕