(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសាលាខេត្តកំពង់ធំ ដើម្បីពង្រឹងរបៀបរបបការងារប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរ។
លោក ម៉ាក់ ប៊ុនហុង បានជំរុញការអនុវនីតិវិធីការងាររដើម្បីឲ្យដំណើរការការងារកាន់តែមានភាពរលូន ឆាប់រហ័ស ទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការអភិវឌ្ឍន៍ការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្តកាន់តែល្អប្រសើរថែមទៀត ហើយអ្វីដែលសំខាន់ គឺយើងនឹងបន្តនិរន្តរភាពការងារប្រចាំថ្ងៃក៏ដូចជាបេសកកម្មរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសអភិបាលខេត្តកំពង់ធំ ដែលទើបចូលកាន់មុខតំណែង ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ និងបានល្អប្រសើរថែមទៀត។
លោកនាយករដ្ឋបាលសាលាខេត្តបន្តថា កិច្ចការងារដែលយើងបានអនុវត្តកន្លងមក មានការពេញចិត្តនិងទទួលបានការគាំទ្រពីរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញ ក្នុងផ្តល់នូវសេវាបានឆាប់រហ័ស និងមានការទទួលខុសត្រូវខ្ពស់របស់មន្ត្រីធ្វើយ៉ាងណាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ម៉ាក់ ប៊ុនហុង បានណែនាំដល់មន្ត្រី បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ គោរពវិន័យការងារ អនុវត្តការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន ពន្លឿនការអនុវត្តការងារឲ្យបានឆាប់រហ័ស និងពង្រឹងរបបរាយការណ៍ប្រចាំថ្ងៃតាមឋានានុក្រម ជាពិសេស សូមឲ្យមន្ត្រីទាំងអស់មានសីលធម៌ល្អ មានភាពរោះរាយ រាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ការងារ៕