(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ លោក Nguyen Phu Trong បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
ក្នុងសាររំលែកទុក្ខដែលចុះហត្ថលេខានៅស្ថានទូតវៀតណាម លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់អំពីការជ្រោមជ្រែងរបស់ លោកអគ្គលេខាធិការចំពោះការកសាងមិត្តភាពដ៏រឹងមាំជាមួយនឹងកម្ពុជា ដែលជាប្រទេសក្បែរខាង។
ជាមួយគ្នានេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានចូលរួមរំលែកទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុត ជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារ លោកផ្ទាល់ ចំពោះការបាត់បង់មេដឹកនាំជាតិ និងមេដឹកនាំគ្រួសារមួយរូបដែលមានស្នាដៃនិងវីរៈភាព៕