(កោះកុង)៖ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានចូលរួមអបអរសាទលោក ឈិត រតនៈ ដែលត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនៅពេលនេះ និងសង្ឃឹមថា លោកបន្ដអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងតួនាទី សហការសាមគ្គីភាព និងឯកភាពផ្ទៃ ក្នុងដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ប៊ុន ហ៊ុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ និងចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ឈិត រតនៈ អភិបាលរងខេត្តថ្មី បានធ្វើការប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីសុខសន្តិភាព សុវត្តិភាពប្រជាពលរដ្ឋ និងសន្តិភាពប្រទេសជាតិ។ លោកនឹងបំពេញកាតព្វកិច្ច តួនាទីរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ខេត្តកោះកុង ឲ្យសក្តានុពលផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ហើយរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្នុងការចុះជួយប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយមិនគិតពីភាពនឿយហត់ និងធ្វើការទំនាក់ទំនងឲ្យបានល្អជាមួយប្រទសជិតខាងផងដែរ៕