(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងពុទ្ធបរិស័ទ្ធ ដែលជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធ ប្រកបដោយទឹកចិត្តជ្រះថ្លា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ នៅក្នុងខេត្តកំពង់ធំ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះលោក ដៀប ពីរី និងលោក នួន ផារ័ត្ន បានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធីសាសនា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង១១ ផងដែរ។
បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវពុទ្ធពរជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តីទាំងឡាយកើតមានទៅដល់លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយបានដល់ញាតិការដែលបានចែកឋាន។
សូមបញ្ជាក់ផងដែរ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពងធំ តែងតែប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្តកំពង់ធំ មុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា មិនដែលខាននោះឡើយ។ ហើយនៅក្នុងពិធីប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វត្តទាំង១១ ក្នុងនោះវត្តព្រះមេគណខេត្តទាំង២គណៈ ចំនួន ២វត្ត ក្នុង១វត្តទទួលបាន ទៀនព្រះវស្សា ១គូរ អង្ករ ១០០០គីឡូក្រាម មី ២០កេស ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យកសាងមួយចំនួន។ ចំណែកវត្តព្រះអនុគណក្រុង-ស្រុក ទាំង៩ ក្នុង១វត្តទទួលបាន ទៀនព្រះវស្សា ១គូរ អង្ករ ៥០០គីឡូក្រាម មី ១០កេស ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស ទឹកត្រី ១៥យួរ ទឹកស៊ីអុីវ ១៥យួរ និងបច្ច័យកសាងមួយចំនួន៕