(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនប្រជាជនជប៉ុន ដែលបានជួយលើវិស័យអប់រំ តាមរយៈផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ព្រមទាំងមានបំពាក់នូវគ្រឿងសង្ហាររឹមផងដែរ ដល់សាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ប៉ែន កុសល្យ ថ្លែងបែបនេះក្នុងឱកាសរួមជាមួយ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជាប្រយោជន៍សម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ។
លោក ប៉ែន កុសល្យ ថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគទានដល់ការកសាងសមិទ្ធិផលនានាក្នុងសាលារៀននេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយប្រជាជនជប៉ុន លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឹមិ អុិស៊ិម៉ុតុ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ រួមទាំងសមិទ្ធិផលដទៃទៀតផងដែរ»។
ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ ក៏បានផ្តល់អនុសាសន៍ល្អៗដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ដោយបានបង្ហាញថា ផ្លូវរបស់ក្មួយៗនៅវែងឆ្ងាយ សូមប្អូនៗក្មួយៗព្យាយាមសិក្សារៀនសូត្រ សម្រាប់អនាគតខ្លួន គ្រួសារ និងសង្គមជាតិ ហើយត្រូវលេងកីឡាដើម្បីសុខភាព។ ពាក់ព័ន្ធក្រុមក្មេងទំនើង គ្រឿងញៀន ត្រូវជៀសឱ្យឆ្ងាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាបាននៅសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍របស់យើង មួយវិញទៀតត្រូវចូលរួមថែរក្សាអនាម័យទីធ្លាសាលា និងទីសាធារណៈដើម្បីធ្វើឱ្យបរិស្ថានយើងស្អាតល្អ។
ឆ្លៀតក្នុងកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកចូលរួមប្រមាណ៦០០នាក់ និងសាធារណៈជនគ្រប់មជ្ឍដ្ឋានទាំងអស់ សូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើង ឱ្យរីកចម្រើន ជាពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសេដ្ឋកិច្ចពិសេសតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាយើងដំបូងគេ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានភាពរីកចម្រើន និងទទួលបានចំណូលខ្ពស់តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ទៅកាន់ប្រទេសដទៃទៀត។
បើតាម លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ស្រុកពញាក្រែកមានសាលារៀនសរុបចំនួន៨០សាលា ក្នុងនោះមានវិទ្យាល័យចំនួន ៤សាលា អនុវិទ្យាល័យចំនួន ៨សាលា និងបឋមសិក្សាចំនួន៦៨សាលា សិស្សានុសិស្សផ្នែកខាងមធ្យមសិក្សាមានសិស្សសរុប ៨,៩០១៤នាក់ ស្រី ៤,៩៣៨នាក់ ផ្នែកបឋមសិក្សាមានសិស្សសរុបចំនួន ១៩,០១៤នាក់ ស្រី៩,២៤៩នាក់ និងផ្នែកមត្តេយ្យសិក្សាមានសិស្សសរុបចំនួន ៣,៣៥១នាក់ ស្រី១,៧២៩នាក់ផងដែរ។
ជាចុងក្រោយ គណៈអធិបតីទាំង២រូប ក៍បាននាំយកសម្ភារៈសិក្សានិងថវិកាចែកជូន ក្នុងនោះលោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្ស ទទួលបានសម្ភារៈសិក្សា និងថវិការ៥ពាន់រៀល ក្នុងម្នាក់ៗផងដែរ៕