(ចិន)៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦ ដែលត្រូវជាថ្ងៃទីពីរ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រតិភូអមដំណើរបានអញ្ជើញចូលជួបពិភាក្សាជាមួយលោក ជឺ ស៊្ហូភីង Zhi Shuping រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងត្រួតពិនិត្យ គុណភាព អធិការកិច្ច និងចត្តាឡីស័កសាធារណរដ្ឋប្រជាមានិតចិន (AQSIQ) មានខ្លឹមសារដូចខាងក្រោម៖
- ភាគីចិននឹងគាំទ្រលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា រួមមានមាត្រាសាស្ត្រ ស្តង់ដា និងការវាយតម្លៃភាពអនុលោម
- AQSIQ គាំទ្រឲ្យវិទ្យាស្ថានមាត្រាសាស្ត្រជាតិចិន (NIM,China) ផ្តល់ជំនួយបច្ចេកទេសដល់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ (ម.ម.ជ) ដូចជា៖ ផ្តល់ជំនាញការមក ម.ម.ជ ដើម្បីសិក្សាគម្រោងកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍមាត្រាសាស្ត្រកម្ពុជា
- AQSIQ នឹងពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មប្រទេសចិនដើម្បីជម្រុញការទិញអង្ករ និងស្ករសពីប្រទេសកម្ពុជាឱ្យបានច្រើនជាងមុន
- AQSIQ រីករាយជួយពង្រឹងគុណភាពផលិតផល និងសមត្ថភាពផលិតរបស់រោងចក្រ និងសហគ្រាស នៅក្នុងប្រទេសកម្ពុជា
- AQSIQ នឹងជួយជម្រុញឱ្យអ្នកវិនិយោគចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត
- AQSIQ រីករាយធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើវិស័យអាទិភាពផ្សេងៗទៀត៕