(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាយបំភ្លឺជុំវិញចម្ងល់សាធារណជន ដែលតែងតែឆ្ងល់ថា គ្រឿងញៀនបង្ក្រាបបានច្រើន តើយកទៅណា?

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា នៅពេលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវចាប់យកវត្ថុតាងគ្រឿងញៀន រួចធ្វើការវេចខ្ចប់តាមបច្ចេកទេស បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមនីតិវិធី។

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រមជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោលនៅតាមរាជធានី-ខេត្ត ដែលជាទូទៅធ្វើក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ឯកបន្តថា ជាក់ស្តែងក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ នៅរាជធានីភ្នំពេញ មានការដុតបំផ្លាញចោលគ្រឿងញៀនជាង៤តោន និងគ្រឿងញៀនដែលត្រូវបន្សាបជាងប្រមាណ ៣តោនផងដែរ។

សូមជម្រាបថា នៅរយៈពេលជិត៧ខែដើមឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនដោយរឹបអូសថ្នាំញៀនបានជាង ៥តោន៕