(សៀមរាប)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋាន ក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។
ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ (ទី៨ដល់ទី១២) នៃខែកក្កដា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៣៩ករណី និងសម្រេចអនុញ្ញាតបានចំនួន ២៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៦៖ ក្រុងសៀមរាបអនុញ្ញាតបាន ១៣ករណី ស្រុកបន្ទាយស្រីអនុញ្ញាតបាន ៤ករណី ស្រុកអង្គរធំអនុញ្ញាតបាន ៩ករណី និងស្រុកពួកអនុញ្ញាតបាន ១ករណី។
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថាក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឃឹមថា ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕