(ភ្នំពេញ)៖ វត្តសន្សំកុសល, ព្រះសង្ឃ, មន្ដ្រីរាជការ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានត្រៀមរៀបចំរួចជាស្រេច ក្នុងការវាយគង វាយស្គរ វាយប៉ោត ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ខាងមុខនេះ។
ព្រះញាណកោសល យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល មានសង្ឃដីកាថា ក្នុងនាម អាត្មាភាព ជាព្រះសង្ឃគង់នៅវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមបង្ហាញពីសក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
ព្រះញាណកោសល យឹម ចំរើន មានសង្ឃដីកាបន្ដថា អាត្មាភាព សូមសម្តែងនូវការគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ ព្រែកជីហ្វូណនតេជោ។
បន្ថែមពីនោះទៀត ព្រះញាណកោសល មានសង្ឃដីកាថា ព្រែកជីហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រុំអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធិផល ពិតប្រាកដ ទុកជាកេរមតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសនោះ ព្រះសង្ឃគង់ នៅវត្តសន្សំកុសល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ -ល-។
និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាំគ្នាវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយ ដែលបង្កើតបានសំឡេង ដើម្បីចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កូនខ្មែរ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាចលនាជាតិដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា៕