(ពោធិ៍សាត់)៖ ការរុករកឧត្ថម្ភាគចក្រ១គ្រឿង និងអ្នកបើកបរហ្វឹកហ្វឺន២នាក់ដែលបានបាត់ខ្លួនចំពេលរដូវវស្សានេះ គឺពិតជាមិនងាយស្រួលនោះឡើយ ក្នុងនោះបញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនឈប់ និងភូមិសាស្ត្រដ៏លំបាក ជាឧបសគ្គធំៗបំផុតសម្រាប់ប្រតិបត្តិការរុករុកនេះ ប៉ុន្តែយ៉ាងណាគណៈបញ្ជាការរុករក និងកងកម្លាំងរុករកនៅតែខិតខំពុះពារមិនរាថយសោះឡើយ។
សូមរំឭកថា ការបាត់ខ្លួនរបស់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស គឺកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបានដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ២៤ ខែកក្កដា គឺមានរយៈពេល១៤ថ្ងៃហើយ ដែលឧត្ថម្ភាគចក្រនេះនៅរកមិនទាន់ឃើញ ខណៈកងកម្លាំងរុករកនៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងមមាញឹក។
គណៈបញ្ជាការប្រតិបត្តិការរុករកកំពុងឈរជើងបណ្ដើអាសន្ននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស ក៏ដូចជាលោកមេបញ្ជាការរងកងទ័ពជើងគោក រួមទាំងក្រុមបច្ចេកទេស និងកងកម្លាំងចម្រុះជាច្រើននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ការរុករកនេះមិនមែនជាការរុករកបែបប្រថុយប្រថាន បែបផ្សងព្រេងនោះទេ ពោលគឺមានការវិភាគទៅលើលក្ខណៈបច្ចេកទេសជាច្រើនចំណុច៖
ទី១. វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនងជាមួយឧបករណ៍របស់យន្តហោះមុនបាត់ការទាក់ទង ក្នុងនោះផ្កាយរណបបានឱ្យគោលដៅនៅម្ដុំភ្នំខ្មោច (១៧១៧ម៉ែត្រ) ភ្នំខ្នងព្រះ (ជាង១៥០០ម៉ែត្រ) និងភ្នំយ៉ាក់យ៉ៃ (១២៤០ម៉ែត្រ) ដែលភ្នំទាំង៣នេះស្ថិតនៅចន្លោះអូរសោម-ឃុំថ្មដា នៃស្រុកវាលវែង។
ទី២. វិភាគតាមការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទដែលអ្នកបើកបរទាំង២នាក់បានប្រើប្រាស់ គឺមានប្រព័ន្ធសែលកាត១ និងប្រព័ន្ធមិតហ្វូន១ដែរ ហើយខាងក្រុមហ៊ុនស៊ីមកាតទាំង២ក៏បានឱ្យតម្រុយមក គឺចំទីតាំងខាងលើដូចគ្នាដែរ។
ទី៣. វិភាគតាមការសិក្សាជាមួយអ្នកហ្វឹកហ្វឺនដូចគ្នា ព្រោះផ្លូវអាកាសដែលហ្វឹកហ្វឺនការហោះហើរ គឺតែងធ្វើតាមផ្លូវដូចគ្នានេះដែរ។
ទី៤. មានការធ្វើវិភាគមួយទៀត គឺនៅពេលអាកាសធាតុមិនល្អកើតឡើង ដែលក្រុមការងារបានពិនិត្យនៅថ្ងៃដែលបាត់ខ្លួននោះ និងនៅតំបន់ដែលបាត់ខ្លួននោះ គឺមានពពកភ្លៀងច្រើនណាស់ បើតាមបច្ចេកទេសហោះហើរ គឺហោះមកដល់គឺអ័ព្យសូន្យឈឹងតែម្ដង។
ទី៥. ក្រុមអ្នករុករកក៏បានធ្វើវិភាគតាមរយៈការឱ្យដឹងពីប្រជាពលរដ្ឋនៅអូរសោម ដែលបានឃើញយន្តហោះ ហោះនៅពេលណា កន្លែងណាខ្លះ។
ដូច្នេះផ្អែកតាមការវិភាគទាំងអស់នេះ គណៈបញ្ជាការរុករកបានវាយតម្លៃពីតំបន់ដែលត្រូវរុករក ពោលគឺពីឃុំអូរសោមមកឃុំថ្មដា ព្រមទាំងបានបង្រួមដែនរុករកផងដែរ តាមរយៈការសាកសួរប្រជាពលរដ្ឋដែលបានឃើញយន្តហោះកំពុងបើកនោះ។ ដូច្នេះប្រសិននៅតំបន់ដែលប្រជាពលរដ្ឋថាមិនឃើញនោះ ក្រុមអ្នករុករកនឹងរាយការណ៍ទៅគណៈបញ្ជាការរុករក ហើយគណៈបញ្ជាការរុករកបានវាយតម្លៃបង្រួមដែនតំបន់រុករក។ ក្រោយមក គណៈបញ្ជាការរុករកបានកំណត់ដែនចុងក្រោយនៅតំបន់ភ្នំខ្មោច ដែលមានកម្ពស់១៧១៧ម៉ែត្រ តំបន់ខ្នងភ្នំព្រះ កម្ពស់ជាង១៥០០ម៉ែត្រ និងភ្នំយ៉ាក់យ៉ៃ កម្ពស់១២៤០ម៉ែត្រ។ តំបន់ទាំងនេះ គឺមានជ្រោះជ្រៅ ព្រៃក្រាស់ ពេលភ្លៀងទឹកហូរខ្លាំង ពពកក៏អួរអាប់រកឃើញពន្លឺមិនបាន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ឧបសគ្គនៃការរុករកនេះគឺមាន២ធំៗ៖ ទី១. បញ្ហាអាកាសធាតុ នៅតំបន់ភ្នំនេះអាកាសធាតុអួរអាប់រកកលនឹងភ្លៀង ពពកនិងអ័ព្យក្រាស់ៗ មិនងាយបានឃើញព្រះអាទិត្យចែង និងទី២. បញ្ហាភូមិសាស្ត្រ ភូមិសាស្ត្រគឺជាតំបន់ព្រៃភ្នំ ជ្រលងជ្រៅ ភ្នំខ្ពស់ ព្រៃក្រាស់ខ្មឹក ទឹកជ្រោះហូរបុកខ្លាំង (ដោយសារមានភ្លៀងធ្លាក់ជាប់) ពិបាកក្នុងការធ្វើដំណើរចូលទៅជ្រៅ។ ដូច្នេះហើយការប្រើប្រាស់មធ្យោបាយរុករកតាមឧត្ថម្ភាគចក្រក៏ចូលទៅអត់បានដែរ ព្រោះអាកាសធាតុអួរអាប់ មើលព្រៃខាងក្រោមសឹងមិនឃើញ រីឯការបង្ហោះដ្រូនចូលទៅនោះក៏ជួបនូវអ័ព្យនិងពពកក្រាស់ៗផងដែរ មើលអ្វីមិនងាយឃើញឡើយ ពិសេសគឺនៅតំបន់ដែលបានកំណត់ដែនបាត់ខ្លួននោះ។
ឧបសគ្គធំបំផុត គឺភ្លៀង ដែលបានកើតឡើងជាប់តាំងពីឆ្នាំ១២ ខែកក្កដាមក មកដល់ពេលនេះគឺនៅតែមិនទាន់ឈប់ ដែលរារាំងដល់ការរុករកទាំងនៅក្នុងព្រៃភ្នំ និងនៅលើអាកាស ព្រោះបើមានភ្លៀងហើយ ដ្រូន និងយន្តហោះក៏មិនអាចហោះបាន ថ្មើរជើងដើរក៏មិនបានឆ្ងាយ ទឹកជ្រោះក៏បង្កជាឧបសគ្គធំមួយដែរ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថា តែយ៉ាងណា កងកម្លាំងរុករកនៅតែពុះពារឧបសគ្គទាំងឡាយ ខណៈឥឡូវនេះ គណៈបញ្ជាការរុករកបានបញ្ជូនកម្លាំងថ្មើរជើងជិតចូលទៅដល់គោលដៅដែលបានកំណត់នៃភ្នំទាំង៣នោះហើយ គឺទៅដល់ចង្កេះភ្នំហើយ ដែលមានកម្ពស់ជាង៥០០ម៉ែត្រ ខណៈកំពូលភ្នំមានកម្ពស់រហូតដល់១៥០០ម៉ែត្រ ១៧០០ម៉ែត្រឯណោះ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានប្ដេជ្ញាបំពេញប្រតិបត្តិការរុករកនេះឱ្យសព្វកន្លែងនៃតំបន់រុករកនេះ រហូតឱ្យបានសម្រេចជោគជ័យតាមការណែនាំ និងការយកចិត្តទុកដាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រសិនបើមេឃស្រឡះកាលណា ក្រុមការងារនឹងប្រើប្រាស់ដ្រូនហោះទៅភ្លាម ដែលដ្រូននេះអាចហោះបានកម្ពស់១៥០០ម៉ែត្រ ហើយប្រសិនបើឃើញចំណុចគួរឱ្យសង្ស័យ ក្រុមការងារនឹងចេញឧត្ថម្ភាគចក្រទៅមើលឱ្យជាក់ប្រាកដ ប៉ុន្តែដោយសារអាកាសធាតុអួរអាប់បែបនេះ ដូច្នេះប្រតិបត្តិការនេះអាចធ្វើទៅបាននៅពេលផ្អាកភ្លៀង។ បើសង្ស័យខ្លាំង ក្រុមថ្មើរជើងនឹងសម្រូតចុះពីយន្តហោះចុះទៅមើលផ្ទាល់ទៀតផង។ រីឯកងថ្មើរជើងដែលចូលទៅក្នុងព្រៃនោះ ក៏មានដ្រូនយកទៅជាមួយដែរ ដើម្បីបង្ហោះមើលបរិវេណជុំវិញពួកគេ។ ព្យាយាមចូលទៅចំណុចដែលទទួលសញ្ញាពីផ្កាយរណបនោះ មិនតិចជាង១០ដងនោះទេ គឺឱ្យចូលមិនដល់ផង ពពកឡើងក្រាស់ បើហោះខ្ពស់ជាងពពក មើលមិនឃើញអ្វីសោះ បើហោះទាបជាងពពកប៉ះព្រៃភ្នំ ព្រោះពពឹកនៅដាបជាមួយព្រៃភ្នំតែម្ដង ដូច្នេះហើយទាមទារឱ្យរកកន្លែងចុះចត ឬត្រឡប់មកវិញសិន។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕