(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការរុករកឧទ្ធម្ភាគចក្របាត់ទំនាក់ទំនង បានសូមអរគុណបងប្អូនដែលមានឆន្ទៈខ្ពស់ចង់ចូលរួមស្វែងរកឧទ្ធម្ភាគចក្រ តែពេលនេះសូមទុកលទ្ធភាពឱ្យកងទ័ពសិន ព្រោះប្រតិបត្តិការនេះមានហានិភ័យខ្ពស់ និងប្រឈមឧបសគ្គខ្លាំង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនស្ថាប័ន និងប្រជាពលរដ្ឋខ្លះដែលមានឆន្ទៈថាចង់រករុកនេះ ប៉ុន្តែ ខ្ញុំក៏សូមជម្រាបជូនថាភូមិសាស្ត្រនៅតំបន់នេះ ផ្អែកតាមធាតុអាកាសនេះ គឺមានហានិភ័យខ្ពស់ណាស់ ចំពោះក្រុមរុករក ទោះបងប្អូននោះបានអះអាងថា ធ្លាប់បានដើរព្រៃ ធ្លាប់ស្គាល់ភូមិសាស្ត្រនោះក៏ដោយ ព្រោះនៅពេលភ្លៀងធ្លាក់ មានទឹកហូរខ្លាំងតាមជ្រោះនីមួយៗហើយទឹកឡើងក៏លឿន»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បញ្ហាអាកាសធាតុនេះបានធ្វើឱ្យបាត់ទំនាក់ទំនងរវាងក្រុមរុករកជួរមុខ និងក្រុមជួរក្រោយ ដើម្បីក្តាប់សភាពការណ៍ ហើយជាពិសេសបញ្ហាភូមិសាស្ត្រ និងអាកាសធាតុធ្វើឱ្យដាច់ស្បៀង ព្រមទាំងជួបគ្រោះថ្នាក់អ្វីមួយពិបាលជួយសង្គ្រោះគ្នាជាដើម។ ជាក់ស្តែង ស្រាប់ក្រុមរុករកដែលថ្នាក់ខេត្តបញ្ជូនឱ្យចូលរួមប្រតិបត្តិការនេះ គឺមានសមាសភាពចាប់ពីប្រជាពលរដ្ឋដែលមានជំនាញដើរភ្នំ និងស្គាល់ភូមិសាស្ត្រជាដើម, ខណ:ក្រសួងបរិស្ថានក៏បានបញ្ជូនមន្ត្រីឧទ្យានុរក្ស និងអ្នកជំនាញដើរព្រៃភ្នំជាច្រើន ក៏ប៉ុន្តែ បងប្អូនទាំងអស់នោះក៏ត្រូវបានជាប់នៅចំណុចមួយចំនួន រហូតដាច់ស្បៀងអាហារ ២ ឬ៣ថ្ងៃផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា៖ «ចំពោះបញ្ហារុករុកឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់នេះ គឺមានហានិភ័យខ្ពស់ណាស់ ដូច្នេះ ខ្ញុំសូមសំណូមពរថាបងប្អូន ដែលមានឆន្ទៈក្នុងការចូលរួមរុករកនេះ ខ្ញុំសូមថ្លែងអំណរគុណ ក៏ប៉ុន្តែ ខ្ញុំសូមសំណូមពរទុកលទ្ធភាពនេះឱ្យកម្លាំងកងទ័ពដែលមានជំនាញក្នុងការរុករក និងដើរព្រៃដើម្បីធ្វើប្រតិបត្តិការនេះ»។
គួរឱ្យដឹងថា ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។
សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការរុករក បន្តព្យាយាមរុករកនៅតំបន់សង្ស័យ ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្ររួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្សក្នុងឧទ្ធម្ភាគចក្រ ឱ្យនៅមានជីវិត ជួបជុំជាមួយគ្រួសារពួកគាត់វិញ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕