(សៀមរាប)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបទ្ទេវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានខ្លឹមសារ ដូចខាងក្រោម។
នាវេលាម៉ោង ១៧:៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងពលរដ្ឋឆ្លងកាត់ទីតាំងខាងលើ។
ក្រោយទទួលព័ត៌មានពីឧបទ្ទហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។
ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូ បង្ករគ្រោះថ្នាក់ដល់អ្នកដំណើរជាជនជាតិខ្មែរចំនួន០៤នាក់ បណ្ដាលឱ្យស្លាប់មនុស្សចំនួន០១នាក់ ភេទប្រុស និងរបួសចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់)។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែងកើតហេតុរួចរាល់ទាំងស្រុង នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃខែឆ្នាំដដែល។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាតិអប្សរា សូមចូករួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួមសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ៕