(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម នៅប្រទេសវៀតណាម។

អគ្គលេខាធិការបក្សលោក Nguyen Phu Trong កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយវៀតណាម អះអាងថា បានទទួលមរណភាព នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។

លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយ​លោកក៏ធ្លាប់កាន់តួនាទីជា ប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។ អាយុកាន់តែច្រើន បូករួមទាំងសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំង របស់លោក Trong បានបង្កឱ្យមានការសង្ស័យជាយូរមកហើយថា រូបលោកប្រហែលជា មិនអាចនៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ៕