(ភ្នំពេញ)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន, ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានរួម គាំទ្រសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើគំនិតផ្តួចផ្តើមបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) របស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៩៩ ដើម្បីប្រែក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។

តាមរយៈកិច្ចសហប្រតិ បត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕