(ស្ទឹងត្រែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងរដូវវស្សាឆ្នាំ២០២៤នេះ។
យុទ្ធនាការនេះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកសេសាន រៀបចំឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសរ សុពុត្រា អភិបាលខេត្តបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុកសេសាន អាជ្ញាធរឃុំ និងប្រជាពលរដ្ឋសរុប១៧០នាក់។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សព្វថ្ងៃនេះ ការចិញ្ចឹមសត្វគោ-ក្របីនៅក្នុងខេត្តស្ទឹងត្រែងយើង គឺនៅមិនទាន់បានអនុវត្តតាមវិធានបច្ចេកទេស ឲ្យបានសមស្របនៅឡើយទេ ដោយកសិករភាគច្រើននៅតែបន្តការចិញ្ចឹមតាមបែបប្រពៃណី ដោយលែងចោលពាសវាលពាសកាល គ្មានការមើលថែទាំ និងគ្មានផ្តល់ចំណីត្រឹមត្រូវ និងគ្រប់គ្រាន់។
កក្តានេះ បានធ្វើឲ្យសត្វគោ-ក្របី ភាគច្រើនមិនសូវមានការលូតលាស់ល្អ ជាពិសេសធ្វើឪ្យសត្វជួបប្រទះនូវបញ្ហាសុខភាព ងាយទទួលរងនូវជម្ងឺ និងអាចស្លាប់ជាដើម។
លោកប្រធានមន្ទីរបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង គឺដើម្បីចូលរួមទប់ស្តាត់នូវការរីករាលដាលនៃជម្ងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម។ ជាពិសេសនៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ-ក្របី មានជម្ងឺសារទឹក អុតក្តាម និងដុំពក ជាដើម។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពនៃការរស់នៅរបស់បងប្អូនគ្រប់ៗរូបគ្រប់ជនជាតិ។
លោកអភិបាលបានបន្ដថា តាមរយៈរបាយការណ៍ និងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ បង្ហាញថាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានបំពេញតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងគិតគូដល់យកចិត្តទុកដាក់ដល់សត្វចិញ្ចឹមរបស់បងប្អូនផងដែរ។
អភិបាលខេត្តស្ទឹងត្រែង បន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងគោ-ក្របីជូនប្រជាពលរដ្ឋនាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាល នៃជំងឺឆ្លងសត្វគោ-ក្របី ពិសេសនារដូវវស្សាយើងនេះ។
ទន្ទឹមនេះលោកសូមណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈ មិនត្រូវព្រលែងចោលពាសវាលពាសកាល គ្មានការថែទាំត្រឹមត្រូវ និងគ្មានចំណីត្រឹមត្រូវគ្រប់គ្រាន់ ដែលអាចធ្វើឲ្យសត្វគោ ក្របី ជួបប្រទះបញ្ហាសុខភាព ងាយទទួលរងនូវជំងឺផ្សេងៗផងដែរ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាកងារពេទ្យសត្វភូមិ បានចាក់វ៉ាក់សាំងសត្វគោ ក្របី នៅទូទាំងខេត្តបានចំនួន ១៧ ៣១៥ ក្បាល៕