(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប, តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន, សមាគមអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងជាង ២០០នាក់។

ជាលទ្ធផល អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានទទួលស្គាល់ពីភាពចាំបាច់និងសារៈសំខាន់ក្នុងការបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» និងបង្ហាញពីការគាំទ្រលើដំណើរការរៀបចំធម្មនុញ្ញនេះ ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ទាំងអស់គ្នាបានបញ្ជាក់ពីភាពចាំបាច់ត្រូវមាន «ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្ត វិជ្ជាជីវៈរបស់ខ្លួនសំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រៀងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានកំពុងតែប្រឹងប្រែងបង្កើតឡើងនេះមាន៦ជំពូក៖

ជំពូកទី១៖ បទប្បញ្ញតិ្តទូទៅ
ជំពូកទី២៖ គោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន
ជំពូកទី៣៖ សិទ្ធិ ករណីយកិច្ច និងការគាំពារ
ជំពូកទី៤៖ ការទទួលខុសត្រូវ
ជំពូកទី៥៖ យន្តការតាមដាន វាយតម្លៃ និងលើកទឹកចិត្តចំពោះការអនុវត្ត
ជំពូកទី៦៖ អវសានប្បញ្ញត្តិ។

គោលបំណងនៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះ គឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរពនិងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។ តាមរយៈការចូលរួមយ៉ាងផុលផុសពីអ្នកសារព័ត៌មាន តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គសិក្ខាសាលាបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវចំណាប់អារម្មណ៍ទាំងអស់ ការលើកឡើងជាយោបល់ សំណូមពរនានា និងការពិភាក្សាប្រកបដោយខ្លឹមសាររួមចំណែកផ្តល់ជាធាតុចូលបន្ថែមដល់ការរៀបចំ «ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន៖