(ភ្នំពេញ)៖ បុគ្គល៤នាក់ ដែលផ្សព្វផ្សាយបំភ្លៃអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាម សេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជនត្រូវចោទាំង៤នាក់នោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ១.ឈ្មោះ ស្រ៊ុន ស្រ៊ន់ ភេទប្រុស ទី២៖ ឈ្មោះ ភឹង សោភា (ភេទស្រី) ទី៣៖ ឈ្មោះ ចក់ ប៉ានមុន្នី ភេទប្រុស និងទី៤៖ ឈ្មោះ សាន សិទ្ធ ភេទប្រុស។ ខណៈគូកន ត្រូវបានចោទប្រកាន់ពីបទដូចគ្នា។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក Srun Srorn ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង «គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA)» និងបានធ្វើការអត្ថាធិប្បាយដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ចុះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ដូចបានបញ្ជាក់ជូនខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖