(ញូយ៉ក)៖ ប្រមុខការទូតរុស្ស៊ី លោក Sergey Lavarov បានអះអាងថា រដ្ឋាភិបាលស៊ីរីមិនមែនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ តាមផ្លូវអាកាសប្រឆាំងនឹងក្បួនរថយន្ដដឹកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងអាឡេប៉ូ ដូចដែលសហរដ្ឋអាមេរិកចោទប្រកាន់នោះឡើយ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក លោក Lavarov បានគូសបញ្ជាក់ថា «យោធារបស់យើង បានចេញសេចក្ដីថ្លែងការណ៍រួចហើយ ថាយន្ដហោះចម្បំាងរុស្ស៊ីមិន បានធ្វើសកម្មភាពនៅពេលនោះទេ រីឯយន្ដហោះយោធាស៊ីរី ក៏មិនបានវាយប្រហារនៅពេលយប់ទៅលើ ក្បួនរថយន្ដដឹកជំនួយមនុស្សធម៌ ដូចការចោទប្រកាន់ពីសំណាក់ទីក្រុង វ៉ាស៊ីនតោននោះដែរ»។
ដោយឡែក ក្រសួងការបរទេសរុស្ស៊ី ក៏បាននិយាយដែរថា ការចោទប្រកាន់គ្មានមូលដ្ឋាន និង ប្រញាប់ប្រញាល់បែបនេះ គឺសហរដ្ឋអាមេរិកខ្លួនឯងចង់បង្វែរការ ចាប់អារម្មណ៍ ចំពោះកំហុសរបស់ខ្លួនដែលបានវាយប្រហារដោយច្រឡំ សម្លាប់កងទ័ពរដ្ឋាភិបាលស៊ីរីជាង ៦២នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា តែប៉ុណ្ណោះ។
ការវាយប្រហារតាមផ្លូវអាកាស ទៅលើក្បួនរថយន្ដដឹកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ នៅក្បែរទីក្រុងអាឡេប៉ូ បានបណ្ដាលឱ្យជនស៊ីវិល២០នាក់ និង សមាជិកកាកបាទក្រហម ស៊ីរីម្នាក់ ស្លាប់បាត់បង់ជីវិត រួមទំាងរថយន្ដ១៨គ្រឿង ក្នុងចំណោម៣១គ្រឿង ត្រូវបានបំផ្លាញ។ នេះបើតាមអ្នកនំាពាក្យអង្គការសហប្រជាជាតិ និង អង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី៕