(ភ្នំពេញ)៖ លោកស្រី គ្រីស្ទីន ប៉ាកូ (Kristin Parco) ប្រធានបេសកកម្ម នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
លោកស្រីថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
លោកអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកស្រី Kristin Parco និងសហការី ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃមកជួបពិភាក្សាការងារ មុនពេលលោកស្រីបញ្ចប់បេសកកម្មនៅកម្ពុជា នាចុងខែនេះ។ លោកអភិសន្តិបណ្ឌិត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំង ការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និង ជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរ ប្រវេសន៍។
នៅក្នុងជំនួបពិភាក្សា ក្នុងនាមរាជរដ្ឋាភិបាល លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ អង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតបានទទួលស្គាល់ជាប្រទេសជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុម ប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
លោកក៏បានជម្រាបជូន លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋ នៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួល អាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Kristin Parco បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។
ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត និងលោកស្រី Kristin Parco បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយ ផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថាកិច្ច សហការដ៏ស្អិតល្មួតនេះនឹងបន្តទៅមុខទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់ អង្គការ IOM ផងដែរ ៕