(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំជាមេគេ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីរាជការក្រោមឱវាទ ជាមួយនិងការសម្របសម្រួលដោះស្រាយគ្រប់បញ្ហា និងត្រូវមានគុណសម្បត្តិ៤យ៉ាងនោះ គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកគ្រូធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាពក្នុង «វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានថ្លែងថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ បានធ្វើឡើងចំនួន២ដងរួចមកហើយ ដោយលើកទី១ នៅខែកក្កដា ឆ្នាំ២០២២ និងលើកទី២ នៅខែសីហា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវជាទស្សនទាន ដ៏មានអត្ថន័យ ដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ ការរៀបចំផែនការអនុវត្តការងារ និងបានជំរុញលើកទឹកចិត្ត ព្រមទាំងបង្ហាញពីគន្លឹះ ក្នុងការរៀបចំខ្លួនរបស់បុគ្គលិក-មន្ត្រី រាជការម្នាក់ៗ ឱ្យបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណតម្លៃ ក្នុងអាជីពការងាររបស់ខ្លួន។
លោក កើត ឆែ បានបន្តទៀតថា នៅក្នុងស្ថាប័នរដ្ឋក្តី ឬស្ថាប័នឯកជនក្តី តែងតែមានយន្តការគ្រប់គ្រងបុគ្គលិក ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាព និងប្រសិទ្ធផលការងារ។ នៅក្នុងវិស័យរដ្ឋបាលសាធារណៈការគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ គឺត្រូវអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាជាធរមាន ក្នុងនោះត្រូវអនុវត្តគោលការណ៍ «ឋានានុក្រម» ដែលមានន័យថា បុគ្គលិក-មន្ត្រីរាជការ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលនូវបទបញ្ជា ឬការណែនាំផ្សេងៗ ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយថ្នាក់ដឹកនាំ ត្រូវបែងចែកនូវភារកិច្ច និងការទទួលខុសត្រូវ ជូនបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ ទៅតាមសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងឧបនិស្ស័យ នៃបុគ្គលិក-មន្ត្រីរាជការនីមួយៗ។
លោក កើត ឆែ បន្ថែមទៀតថា ក្នុងនាមថ្នាក់ដឹកនាំ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោមឱវាទ និងត្រូវសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហាទាំងឡាយ ដែលកើតមានឡើងប្រចាំថ្ងៃ។ ដើម្បីមានគុណវុឌ្ឍ ទាំងអស់នេះ ថ្នាក់ដឹកនាំមិនមែនគ្រាន់តែត្រូវអនុវត្តតាមច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពនោះទេ ប៉ុន្តែថែមទាំងត្រូវស្វែងយល់អំពីចិត្តសាស្ត្រ និងវិធីសាស្ត្រ ក្នុងការដឹកនាំ និងបង្កើនផលិតភាពការងារ ដែលសុទ្ធសឹងជា «ជំនាញទន់» ដើម្បីធានាបានថា បុគ្គលិក-មន្ត្រីរាជការទាំងអស់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ជាប្រយោជន៍ដល់អង្គភាព និងលុះដោយគុណសម្បត្តិ ចំនួន៤យ៉ាងដូចបញ្ជាក់ខាងលើនោះ។
លើសពីនេះទៀត ថ្នាក់ដឹកនាំអង្គភាព ត្រូវជាអ្នកដែលរៀបចំផែនការការងារបានល្អិតល្អន់ និងចេះបែងចែកការងារជូនមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាមានយន្តការតាមដានការងារ ការលើកទឹកចិត្ត កែលម្អ សម្របសម្រួល រកវិធីទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហានៅទីកន្លែងបំពេញការងារ ដើម្បីធានាបាននូវភាពសុខដុមនីយកម្ម ក្នុងទីកន្លែងបំពេញការងារ។
លោក កើត ឆែ បញ្ជាក់ថា ដើម្បីក្លាយជាមេដឹកនាំ ឬ «មេគេ» យើងត្រូវមានគុណសម្បត្តិយ៉ាងហោចណាស់៣៖
*ទី១៖ សមត្ថភាព (ទទួលបានការបណ្តុះបណ្តាល និងមានចំណេះដឹងក្នុងការស្វែងយល់អំពីការងារ និងមានភាពឈ្លាសវៃ, គំនិតផ្តួចផ្តើម និងនវានុវត្ត ដើម្បីសម្រេចការងារមួយ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់)។
*ទី២៖ បទពិសោធន៍ការងារ (ធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារទាំងល្អ ទាំងមិនល្អ ដែលបទពិសោធន៍ទាំងនេះ គឺជាទុន ដើម្បីបំពេញការងារទៅថ្ងៃមុខ)។
*ទី៣៖ សុខភាពល្អ (ត្រូវថែរក្សាសុខភាព, មានរបបហាត់ប្រាណទៀងទាត់ ដើម្បីឱ្យមានភាពរហ័សរហួន ការបំពេញការងារបានល្អ)៕