(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរួចមក លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនាពេលកន្លងមកតាមជំនាញ បទពិសោធន៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោករដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

- ត្រូវបន្តរៀបចំកែលម្អសោភ័ណ្ឌភាព ស្ថានភាពទីតាំងតាមការិយាល័យនីមួយៗ ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានបរិស្ថាន និងអនាម័យ។

- ត្រូវយកចិត្តទុកដាក់សហការជាមួយដៃគូ ក្នុងការអភិវឌ្ឍន៍ជនបទស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល។

- ត្រូវរៀបចំធ្វើញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងថ្កោលទោសជនអគតិដែលបំផ្លើសការពិត។

- ត្រូវត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះឱ្យបានអធិកអធម។

- ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តត្រូវបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងចាត់ការឆ្លើយតបតម្រូវបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ៕