(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌឬស្សីកែវ ប៉ុស្ដិ៍ទួលសង្កែ ដឹកនាំដោយ សម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកប្រតិបត្តិការ បង្ក្រាបជនក្រុមជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំ១គីឡូក្រាម។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានបាញ់គំរាម ៤-៥គ្រាប់ផងដែរ ដើម្បីបង្អាក់ក្រុមជនល្មើស។
ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចលើផ្លូវមហាវិថីអង្គរ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពោលនៅក្បែររង្វង់មូលកាំកូសីុធី។
លោក យិន បញ្ញារិទ្ធ បានបន្តថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ខៀវ សាម៉ន រហូតបង្ក្រាបក្រុមជួញដូរគ្រឿងញៀននេះតែម្តង។
ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ទឹម ស៊ីដេត អាយុ៣៨ឆ្នាំ ទី២-ឈ្មោះ កែវ រដ្ឋា អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ សុខ លាភ អាយុ៣៩ឆ្នាំ ហើយក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀន១គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕