(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្សនេះគឺធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System។
បើតាមការបញ្ជាក់ពីក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching នេះ សិស្សានុសិស្សអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យគោលដៅមានដូចជា៖
* ភ្នំពេញ៖ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង, វិទ្យាល័យកំបូល, និងវិទ្យាល័យទឹកល្អក់
* ខេត្តតាកែវ៖ វិទ្យាល័យហ៊ុនសែន ១ មិថុនា
* ខេត្តកំពង់ចាម៖ វិទ្យាល័យបុសខ្នុរ, វិទ្យាល័យហ៊ុនសែនចំការលើ និងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ
* ខេត្តកែប៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស និងវិទ្យាល័យហ៊ុនសែនចំការដូង
* ក្រុងព្រះសីហនុ៖ វិទ្យាល័យហ៊ុនសែនកែវផុស, វិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុនសែនស្មាច់ដែង។
* ខេត្តព្រៃវែង៖ វិទ្យាល័យហ៊ុនសែនកំចាយមារ, វិទ្យាល័យព្រះបាទនរោត្តម, វិទ្យាល័យរមាសហែក, វិទ្យាល័យ ហ៊ុនសែនតាគោក, វិទ្យាល័យរស្មីសាមគ្គី និងវិទ្យាល័យជ្រៃធំ។
គិតមកដល់ពេលបច្ចុប្បន្ននេះប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួនទៅកាន់វិទ្យាល័យសរុបចំនួន១៩ វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន៥ ខេត្ត។
វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖ ០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេសតាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រផ្លូវការរបស់ទូរសិក្សា៖ Duraseksa - ទូរសិក្សា ឬតេឡេក្រាមឆាណែល ៖ https://t.me/duraseksa ឬ សម្រាប់ប្អូនៗដែលមានបំណងចង់មកសិក្សាអាចទាក់ទងមកកាន់ក្រុមការងារ តាមរយៈ៖ https://linktr.ee/_Duraseksa_