(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងទៅកាន់មិត្តភក្តិបរទេស សូមយោគយល់ដល់កម្ពុជា ព្រោះកម្ពុជាត្រូវការអនុវត្តច្បាប់ ដើម្បីធានានូវសន្តិភាព ស្ថិរភាពនយោបាយ ដោយមិនអនុញ្ញាតឱ្យមានជនណាម្នាក់ បង្កចលាចល ឬភាពវឹកវរ ដែលនាំឱ្យបន្ទុចបង្អាក់ដល់ការអភិវឌ្ឍនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន? សម្តេចបានលើកឧទាហរណ៍នៅប្រទេសបិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិក ករណីលោក ដូណាល់ ត្រាំ ញុំាញីដោយបណ្តឹងនៅតុលាការអាមេរិក។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បេក្ខជនប្រធានាធិបតីអាមេរិកដែលគេធ្វើឃាត្តមិនសម្រេច លោក ដូណាល់ត្រាំ ត្រូវបានតុលាការញុំាញីប៉ុន្មានឆ្នាំនេះ តើនោះវាជាអ្វី? ឧទាហរណ៍មួយនេះ នៅលើទឹកដីអាមេរិក ដែលជាបិតាប្រជាធិបតេយ្យ [...] ហេតុអីបានកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ខ្លួនបាន នៅពេលដែលប្រទេសដទៃ គេអនុវត្តន៍ច្បាប់របស់គេបាន ? សង្ឃឹមមិត្តភក្តិបរទេសនឹងយល់ កម្ពុជាត្រូវការសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង កម្ពុជានឹងមិនអត់ឱនឱ្យអ្នកណាក៏ដោយដែលប្រឆាំង និងបង្កចលាចល បង្កើតនូវភាពវឹកវរ បន្ទុចបង្អាក់ដល់ការអភិវឌ្ឍ ឬរហូតឈានដល់ការធ្វើសង្គ្រាម ទម្រាំមានសន្តិភាព គឺលំបាកណាស់»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ការសម្តេចសម្រេចដកខ្លួន ផ្តល់ឱ្យយុវជនបន្តវេន គឺដើម្បីធានានូវការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ហើយរយៈពេលជិត១ឆ្នាំមកនេះ រាជរដ្ឋាភិបាលថ្មីកំពុងតែដឹកនាំប្រទេសបានយ៉ាងល្អ ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕