(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើ និងជំរុញ ដល់មន្ទីរ អង្គភាពរដ្ឋ និងវិស័យឯកជនក្នុងខេត្ត រួមចំណែកជាមួយរដ្ឋបាលខេត្ត ធ្វើយ៉ាងណារៀបចំកែលម្អសោភ័ណភាពជុំវិញស្ថាប័នខ្លួន ដោយក្រាលការ៉ូម៉ាប និងបន្តតុបតែងលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត ឱ្យបានរួចរាល់ មុនពេលពិធីបុណ្យសមុទ្រចូលមកដល់នៅចុងឆ្នាំនេះ ដែលខេត្តកំពត នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។
លោកបានអះអាងថា អាជ្ញាធរខេត្ត បាននិងកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងដែលបម្រើឱ្យវិស័យទេសចរណ៍បន្ថែមទៀត ក្នុងន័យទាក់ទាញភ្ញៀវទេសចរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
លោកថ្លែងបែបនេះ ខណៈលោក និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពត។
នាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងទៀតថា ឆ្នាំនេះខេត្តកំពត ទទួលបានកិត្តិយសធំណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តមួយនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។
លោកអភិបាលខេត្ត បានបន្តថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការ ឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានច្រើន ពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏នឹងរំពឹងថា ក្រោយនាឡិកាយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ ស្ថាបនារួចរាល់ កំណើនភ្ញៀវទេសចរ និងមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចម្បង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស។
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតនាពេលខាងមុខនេះ៕