(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក កុសុម សុភីនារ៉ា នាយកសាខា និងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាមួយចំនួនផ្តល់ជូនលោកស្រី ទៀប សុន្ទរី អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ក្រុមការងារសាខា បាននាំនូវការផ្ដាំផ្ញើសាកសួរទុក្ខរបស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកស្រី ទៀប សុន្ទរី។ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកស្រី និងក្រុមគ្រួសារ លោក សុខ លូ បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឲ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយ ជួយសម្រាលការលំបាកក្នុងការរស់នៅ។

ក្រុមការងារក៏បានពន្យល់ណែនាំ អប់រំសុខភាព និងលើកទឹកចិត្តឲ្យលោកស្រី ទៀប សុន្ទរី ត្រូវ ធ្វើតាមការណែនាំរបស់គ្រូពេទ្យ បើករណីមានបញ្ហាសុខភាព ត្រូវទៅរកសេវានៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលឲ្យបានទាន់ពេលវេលា។

លោកស្រី ទៀប សុន្ទរី បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលបានគិតគូរពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌។ អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកសុទ្ធ២កេស, ទឹកស៊ីអុីវ២យួរ, ទឹកត្រី២យួរ ឃីតឈុត និងថវិកាមួយចំនួន៕