(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាbការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែកុំឈឺឆ្អាលទាំងគ្មានមូលដ្ឋានព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់។
តាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត គិន ភាព បានសរសេរថា៖ «ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ច និងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្ម ក្នុងគោលដៅឈឺឆ្អាលរឿងជាតិទាំងងងឹតងងល់ ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង»។
ការលើកឡើងរបស់ លោកបណ្ឌិត គិន ភា បានធ្វើឡើងក្រោយសកម្មជនបរិស្ថាន និងបុគ្គយមួយចំនួន ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គម ដែលប៉ះពាល់ទៅដល់ច្បាប់។ រយៈពេល២ថ្ងៃនេះ មានបុគ្គល៣នាក់ផងដែរ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបំភ្លៃនិងញុះញង់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីចំនួន៤ខេត្ត ឱ្យទៅវៀតណាម ក្រោមកិច្ចព្រមព្រៀង CLV។
បើតាម លោកបណ្ឌិត គិន ភា, គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបាន ពលរដ្ឋគ្រប់រូបជាពិសេសយុវជនយើង ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិនិងមានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារូបនេះ បានបន្តថា សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នានិងជេរតគ្នាបែបនេះ វាក៏អាចខុសតគ្នាដែរ ហើយបើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗបែបនេះ គឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ៕