(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានអធិកអធម្មគ្រប់ៗអង្គភាពដោយមានជាទូងស្គរវាយជួង វាយ ឃ្មោះ ជាដើម។
លោកអភិបាលខេត្តណែនាំបែបនេះ បានធ្វើឡើនៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តព្រៃវែង ជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពអាជ្ញាធរទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបំពេញ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ។
ជាមួយគ្នានេះ លោក សួន សុម៉ាលីន បានកោតសរសើរ និងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ អស់រយៈពេលកន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈ នឹងត្រូវបន្តរួមគំនិត ស្មារតី ដើម្បីបន្ត ខិតខំអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍រួមមាន៖
*ទី១៖ ស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារៈក្នុងខេត្តព្រៃវែង ប្រចាំឆមាសទី១ ឆ្នាំ២០២៤
*ទី២៖ ស្តីពីការជំរុញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រៃវែង
*ទី៣៖ ស្តីពីបញ្ហារុយស និងដង្កូវហ្វូងបំផ្លាញស្រូវក្នុងខេត្តព្រៃវែង
*ទី៤៖ ស្តីពីការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ
*ទី៥៖ ការងារត្រៀមរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕