(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ដែលមានកុមារភាពជាកូនអ្នកឡើងត្នោត ធ្វើឲ្យការសិក្សារៀនសូត្រមិនបានខ្ពស់នោះ បានថ្លែងផ្តាំផ្ញើឲ្យយុវជនសម័យបច្ចុប្បន្ន ខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីតបស្នងសងគុណឪពុកម្តាយ ដើម្បីសាងអនាគតខ្លួនឯងឲ្យភ្លឺស្វាង ជាពិសេសចូលរួមចំណែកជួយដល់សង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយសិស្ស ទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និង បើកសម្ពោធអគារមួយខ្នងតម្លៃជាង១០ម៉ឺនដុល្លារ សម្រាប់ឲ្យយុវជននៅក្នុងឃុំអន្លង់រមាត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើការងារបម្រើសង្គមនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានថ្លែងរំលឹកពីអតីតកាលរបស់ខ្លួនថា ដោយសារតែជីវភាពគ្រួសារជា អ្នកឡើងត្នោត និងស្ថានភាពប្រទេសទើបរើខ្លួនចេញពីរបបអាវខ្មៅប៉ុលពត ខ្វះអគារសិក្សា ខ្វះគ្រូបង្រៀន បានធ្វើឲ្យរូបលោកគ្មានឱកាសបានសិក្សាជ្រៅជ្រះនោះឡើយ។
ឧកញ៉ា ដែលកំពុងកាន់កាប់ជំនួញជាច្រើន ក្នុងដៃដូចជាការវិនិយោគដំណាំកសិឧស្សាហកម្មកៅស៊ូ-ម្រេច សំណង់ និងក្រុមហ៊ុនប្រេងផង នោះ បានលើកបង្ហាញប្រាប់យុវជនថា បច្ចុប្បន្នប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងនិងយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការសិក្សារបស់កូនខ្មែរ ដើម្បីពង្រឹងធនធានក្នុងការស្ថាបនាជាតិ។
លោកឧកញ៉ា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ផងដែរនោះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «បច្ចុប្បន្ននេះយុវជនយើង មានសំណាងណាស់សម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តសាងសង់សាលារៀនរាប់សិបម៉ឺនខ្នង ហើយនៅជិតៗផ្ទះរបស់យើងទៀត ដើម្បីសម្រួលដល់ការសិក្សា។ ដូច្នេះក្មួយៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណដល់កិច្ចខិតខំរបស់ សម្តេច ដែលប្រឹងសាងសង់សាលាដោយមិនខ្លាចនឿយហត់ ជាពិសេសតបស្នងសងគុណដល់ឪពុកម្តាយរបស់យើង ដែលគាត់ខំប្រឹង បីបាច់ចិញ្ចឹម និងរកស៊ីផ្តល់ប្រាក់កាសឲ្យយើងបានចូលរៀនសូត្រ»។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវចៀសឲ្យបានឆ្ងាយពីល្បែងអបាយមុខ និងគ្រឿងញៀន ដែលជាថ្នាំបំពុលសង្គម និងធ្វើឲ្យខូចអនាគតរបស់យុវជន។ ឧកញ៉ា ទ្រី ភាព ដែលមានតួនាទីជាអនុប្រធានទី២ គណៈពង្រឹងការងារស្រុកកណ្តាលស្ទឹង នៃគណបក្សប្រជាជនកម្ពុជា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និង សមត្ថកិច្ចក្នុងស្រុកកណ្តាលស្ទឹង ប្រឹងប្រែង ទប់ស្កាត់ លុបបំបាត់ឲ្យអស់ការលេងល្បែងស៊ីសង និង គ្រឿងញៀន។
ក្រោយការសំណេះសំណាលឧកញ៉ា ទ្រី ភាព ក៏បានឧត្ថម្ភកុំព្យូទ័រលែបថប់ (Laptop) និងថវិកាមួយចំនួន ដល់សិស្ស ដែលបានប្រឡង ជាប់បាក់ឌុប ហើយក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនសិស្សប្រឡងធ្លាក់ផងដែរ។ សម្រាប់សិស្សប្រឡងធ្លាក់ ឧកញ៉ា ទ្រី ភាព បានជំរុញឲ្យប្រឹងប្រែងរៀនមួយឆ្នាំទៀត ហើយខិតខំឲ្យរហូតប្រឡងជាប់ និងមិនត្រូវប៉ោះបង់ការសិក្សានោះឡើយ។
សូមបញ្ជាក់ថា ជាអ្នកមានស្រុកកំណើតក្នុងស្រុកកណ្តាលស្ទឹង ឧកញ៉ា ទ្រី ភាព បានរួមចំណែកជួយសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដូចជាផ្លូវ ស្ពាន ថ្នល់ ព្រមទាំងប្រព័ន្ធធារាសាស្រ្តផងដែរ សម្រាប់បម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងស្រុកកណ្តាលស្ទឹង។ ក្រៅពីផ្លូវ ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្រ្តហើយ លោកឧកញ៉ា ក៏បានជួយសាងសង់សាលារៀនជាច្រើន សម្រាប់បម្រើដល់ការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង៕