(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានជំរុញដល់កម្លាំងសមត្ថកិច្ច មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការអប់រំ ផ្សព្វផ្សាយ បង្ហាត់បង្រៀន និងបង្ហាញដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានយល់ច្បាស់ពីស្លាកសញ្ញា និងភ្លើងចរាចរណ៍ នៅតាមសាលារៀន ទីប្រជុំជន ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងគ្រួសារ និងសង្គមជាតិ។

ការជំរុញយ៉ាងដូច្នេះរបស់លោក ពិន ប្រាកដ ក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីលោកស្នងការខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងសមាជិកសមាជិកាអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% និងបណ្តាលអោយ ស្លាប់ចំនួន៥៧នាក់ ស្រី២០នាក់ កើនឡើង២៤នាក់ ស្មើ៧២% របួសធ្ងន់ចំនួន៣៤នាក់ ស្រី៥នាក់ របួសស្រាល ចំនួន៧១នាក់ ស្រី២៥នាក់ កើនឡើង៤៣នាក់ ស្មើ១៥៣%។ សរុបអ្នករងគ្រោះ ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់) ក្នុងនោះមានបរទេស៦នាក់។

នៅក្នុងគ្រោះថ្នាក់ខាងលើ ក៏បានបណ្តាលឲ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង។ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងប្រមាណជា៧០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា បញ្ហាល្បឿនបានក្លាយជាមូលហេតុចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ លោកបន្តថា ក៏មានកត្តារួមផ្សំមួយចំនួនដូចជា៖ ខ្វះការប្រុងប្រយ័ត្ន, ខ្វះភ្លើងសញ្ញាចរាចរណ៍, កត្តាអាកាសធាតុ, មិនពាក់មួកសុវត្ថិភាព ក៏ជាចំណែកមួយដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសំណូមពរដល់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវបង្កើនការដាក់ភ្លើងសញ្ញាចរាចរណ៍ នៅតាមបណ្តាផ្លូវបំបែកជាបួន តាមបណ្តាក្រុង ស្រុក ព្រមទាំងជម្រុញធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ នៅតាមសាលារៀន ទីប្រជុំជន និងផ្លូវសាធារណៈជាដើម។

លោក ពិន ប្រាកដ បានបន្តថា ខេត្តសៀមរាបបានក្លាយជាខេត្តទី២ ឈរពីក្រោយខេត្តកណ្តាល ដែលជាខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ក្នុងចំណោម២៥រាជធានីខេត្ត។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា៖ ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា សេដ្ឋកិច្ចជាតិទាំងមូល។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប នេះជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជម្រុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមានផងដែរ៕