(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកពញាក្រែក បន្តបម្រើសេវាសាធារណៈជូនបងប្អូនពលរដ្ឋឲ្យកាន់តែល្អទ្វេរឡើង លឿន មានទំនុកចិត្តបន្ថែមទៀត។
លោក ប៉ែន កុសល្យ មានប្រសាសន៍បែបនេះ ក្នុងឱកាសជាមួយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក។
នាឱកាសនោះដែរ លោក ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលស្រុកពញាក្រែក ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសរក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំ ទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានប្រកាសថានឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ៥ថ្ងៃ តាំងពិពរណ៍ និងអុជកាំជ្រួច ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈសរុបចំនួន ១៨,៩៤៥នាក់ ស្រីចំនួន១០,៨៩០នាក់។ ចំណែកសមិទ្ធិផលនិងវិស័យដ៍ទៃៗទៀត កំពុងមានសន្ទុះនៃការកើនឡើងជាលំដាប់ផងដែរ៕