(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានអះអាងថា ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាមានកិច្ចព្រមព្រៀងតែ៥ប៉ុណ្ណោះ ក្នុងកម្រិតរដ្ឋាភិបាល ហើយមិនមានការពាក់ព័ន្ធទាល់តែសោះជាមួយនឹងការរួមបញ្ចូលដែនដី ដែលបំភ្លៃដោយក្រុមប្រឆាំង។
សម្តេចបានបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម បញ្ចេញសេចក្តីថ្លែងការណ៍គ្រប់១១អង្គប្រជុំ ដោយក្នុងនោះ មានប្រជុំផ្ទាល់ចំនួន១០ និងប្រជុំតាមអនឡាញចំនួន១ ដែលពេលនេះកំពុងត្រៀមសម្រាប់ប្រជុំលើកទី១២ថែមទៀត។
ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈថ្លែងសារពិសេសសមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួនបាននាំគ្នាបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត នៅតំបន់ត្រីកោនរួមបញ្ចូលជាមួយវៀតណាម។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ក្នុងកិច្ចព្រមព្រៀង បញ្ចេញទាំងអស់ដើម្បីឱ្យសិស្ស និស្សិតយកទៅមើល តើមានចំណុចណា ទាក់ទងជាមួយនឹងការកាត់ដីទេ»។
សម្តេចបានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥ រួមមានដូចតទៅ៖
១៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
២៖ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា-វៀតណាម
៤៖ អនុស្សារណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ចុះហត្ថលេខា ២៨ មិនា ២០០៨
៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខា១៣ មករា ២០១៣
បើតាម សម្តេចតេជោ ក្រៅពីកិច្ចព្រមព្រៀងទាំងនោះ មានអនុស្សារណៈដែលចុះហត្ថលេខាដោយ ស្ថាប័នមួយថែមទៀត។ ប៉ុន្តែក្នុងកម្រិតរាជរដ្ឋាភិបាល គឺមានកិច្ចព្រមព្រៀង៥នេះទេ។ សម្តេចបានបន្តថា ក្រៅពីនោះ គឺមានផែនការមួយចំនួនទៀតដូចជា ទី១៖ ផែនការទាក់ទិនជាមួយនឹងផែនការកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតំបន់ អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០ ទី២៖ ផែនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទី៣៖ ផែនការអភិវឌ្ឍទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍ និងទី៤៖ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «គ្មានអ្វីទាក់ទិនទាល់តែសោះ តែនេះជាការសម្អុយ និងលាបពណ៌ជំរុញនូវអំពើក្បត់»៕