(ភ្នំពេញ)៖ បន្ទាប់ពីចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់បន្ថែមនូវខ្លឹមសារមួយនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ក្នុងខ្លឹមសារនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានយល់ឃើញ និងកត់សម្គាល់ថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។ ខណៈការប៉ុនប៉ង បំភ្លៃ បំភន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឲ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។
លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងពេលនោះ។
ដូចអ្វីដែលយើងទាំងអស់បានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិ ដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយ នៃការបង្កើតក្របខណ្ឌ សហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋ ទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។
ការប៉ុនប៉ង បំភ្លៃ បំភន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឲ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។
ខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នា ចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ»៕