(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំរួមគ្នាជាលើកទី២ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព នៅមូលដ្ឋានខណ្ឌ-ស្រុក និយាយរួម បើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំរួមជាលើកទីពីរនេះ បានធ្វើឡើងក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ-ស្រុកកៀនស្វាយ និងអធិការនគរបាលខណ្ឌ-ស្រុក, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់ មានព្រំប្រទល់ជាប់គ្នាផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោក ចេង មុនីរ៉ា និងលោក ឡូវ សុខសាន្ត បានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណ្ឌ និងស្រុក កិច្ចការចម្បង គឺបង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងមូលដ្ឋានរដ្ឋបាលទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងពីរ។

ដោយឡែក ឃុំ-សង្កាត់ណា ដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងពីរ បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់ កម្លាំងគណៈបញ្ជាការទាំងពីរប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំ និងសង្កាត់។

មួយថ្ងៃទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ គណៈបញ្ជាការឯកភាពទាំងពីរ បានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារការញៀន មហន្តរាយនៃល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់ នេះគឺជាផ្នែកមួយនៃការជំរុញឲ្យសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី មានការភ្ញាក់រឭក តាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពទាំងពីរ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូ តាមអនឡាញជាដើម។ ការចូលរួមរបស់ បងប្អូន គឺមានន័យថា បងប្អូនបានរួមចំណែកជាមួយអាជ្ញាធរ ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងមួយផ្នែកទៀត បងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងប្រទេស៕