(ភ្នំពេញ)៖ អ្នកជំងឺជាង៧លាននាក់ ដែលបានចូលទៅសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេសកម្ពុជា មានរយៈពេល៨ខែ ដើមឆ្នាំ២០១៦នេះ អត្រាអ្នកស្លាប់មិនដល់១ភាគរយ ពោលគឺ ០.៨៦ភាគរយ តែប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ស្ថិតិនៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦នេះ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស សរុបមាន ៧,០៧៧,៩៤៧ករណី ក្នុងនោះ ករណីថ្មីមាន ៦,៤៣១,៤០៧ករណី។
ក្រសួងសុខាភិបាលបន្ថែមថា ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមាន ៩៤៧,៥១១ករណី និងទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមាន ៧១២,២៥៩ករណី។
ជាមួយគ្នានេះដែរ ក្រសួងក៏បានឲ្យដឹងថា រយៈពេល៨ខែដើម ឆ្នាំនេះអ្នកសម្រាលកូនមាន ១៩៩,១០៩នាក់ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធ៌ ផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមាន ១៤,២៣០នាក់ ហើយទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមាន ៩,១៩៧នាក់៕