(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខរដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅខេត្តខាញ់ហ៊រ ប្រទេសវៀតណាម អស់រយៈពេល១ថ្ងៃរួចមក ភាគីទាំងបីដែលមានព្រំប្រទល់ជាប់គ្នានោះ បានឯកភាពគ្នាក្នុងការជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ត្រីកោណ។
លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំពេលនេះបាននាំមកនូវផ្លែផ្កាយ៉ាងច្រើន ក្នុងការជំរុញ និងគំាទ្រដល់គម្រោងអភិវឌ្ឍតំបន់ត្រីកោណ ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម រួមនឹងដៃគូអភិវឌ្ឍន៍នានា កំពុងយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍយ៉ាងខ្លំាង។
លោកបានបន្ថែមថា ការជួបប្រាស្រ័យទាក់ទងគ្នាជាទៀតទាត់ ជាស្មារតីក្នុងការកសាងរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការ មិនថានៅក្នុងក្របខណ្ឌកិច្ចការតំបន់អភិវឌ្ឍត្រីកោណប៉ុណ្ណោះទេ តែជាការប្រជុំដែលនឹងជំរុញដល់រដ្ឋសភាប្រទេសទាំងបី បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើកិច្ចការផ្សេងៗទៀត ទំាងកម្រិតតំបន់និងពិភពលោក។
លោក ហ៊ុន ណេង បានលើកឡើងទៀតថា រដ្ឋាភិបាលប្រទេសទាំងបី បច្ចុប្បន្នមានឆន្ទៈរួមគ្នា ដើម្បីប្រែក្លាយបន្ទាត់ព្រំដែនប្រទេសទំាងបី ក្លាយជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្ពោះទៅរកការសម្រេចបានតាមផែនការ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ព្រំដែនអភិវឌ្ឍន៍ ហើយលទ្ធផលនៃកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងឲ្យឃើញតួនាទីភារកិច្ច និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋសភា ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម នៅក្នុងការគាំទ្រ និងជំរុញលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ឲ្យអនុវត្តនិងសម្រេចឲ្យបាននូវបំណងប្រាថ្នា និងឆន្ទៈរួម ដើម្បីប្រែក្លាយតំបន់ព្រំដែនរួមប្រទេសទាំងបី ក្លាយជាតំបន់ត្រីកោណអភិវឌ្ឍន៍។
សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជា មានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមានចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ គណៈកម្មការ ឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខប្រទេសទំាងបី តែងតែជួបប្រជុំគ្នាដើម្បីគំាទ្រ និងជំរុញដល់ការងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលប្រទេសទំាងបី។
សូមបញ្ជាកថា កិច្ចប្រជុំនេះ ក៏បានឯកភាពឱ្យរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការការពារជាតិ និងសន្តិសុខរដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម លើកទី៤ នៅទីក្រុងភ្នំពេញផងដែរ។
លោក ហ៊ុន ណេង តាងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលភារកិច្ចរៀបចំកិច្ចប្រជុំលើកទី៤ នៅឆ្នាំ២០១៨ ដើម្បីធ្វើយ៉ាងណាឲ្យឆន្ទះរបស់រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម សម្រេចតាមផែនការក្នុងការអភិវឌ្ឍតំបន់ត្រីកោណនេះ៕