(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការថ្លែងសារពិសេសនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានឲ្យដឹងថា កិច្ចប្រជុំកំពូលតំបន់អភវិឌ្ឍន៍ត្រីកោណ CLV លើកទី១២ នឹងធ្វើឡើងនៅប្រទេសកម្ពុជាតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ឆ្លងតាមរយៈកិច្ចប្រជុំកំពូលដែលបានធ្វើឡើងជាបន្ដបន្ទាប់ ចំនួន១១លើកកន្លងទៅនេះ បណ្ដាប្រទេសទាំងអស់ CLV តែងតែបានកត់សម្គាល់នូវអ្វីដែលជាវឌ្ឍនភាពរីកចម្រើនជាបន្ដបន្ទាប់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះបូករួមទាំងកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។

ដោយឡែក សម្រាប់កិច្ចប្រជុំកំពូលលើកទី១២ ដែលគ្រោងធ្វើឡើងនៅប្រទេសកម្ពុជានោះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ ពោលប្រទេសកម្ពុជា កំពុងរង់ចាំការផ្ដល់ចម្លើយពីប្រទេសឡាវ និងវៀតណាម។ នេះបើតាមអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងឋានៈជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតឡើងនូវតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម តាំងពីឆ្នាំ១៩៩៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំលើកទី១២ កំពុងតែពិភាក្សាគ្នាអំពីពេលវេលា កំណត់ទូតរបស់កម្ពុជាបានផ្ញើទៅប្រទេសនានា តាមរយៈក្រសួងការបរទេស ដើម្បីឲ្យឯកភាពទៅលើការប្រជុំលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយយើងរង់ចាំចម្លើយពីភាគីវៀតណាម និងឡាវ ត្រឡប់មកវិញ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កិច្ចប្រជុំកំពូលទាំង១១លើក ដែលត្រូវបានប្រព្រឹត្តទៅនោះ រួមមាន៖

* កិច្ចប្រជុំកំពូលលើកទី១ ធ្វើឡើងនៅឆ្នាំ១៩៩៩ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
* កិច្ចប្រជុំកំពូលលើកទី២ ធ្វើឡើងនៅឆ្នាំ២០០២ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម
* កិច្ចប្រជុំកំពូលលើកទី៣ ធ្វើឡើងនៅឆ្នាំ២០០៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា
* កិច្ចប្រជុំកំពូលលើកទី៥ ធ្វើឡើងនៅឆ្នាំ២០០៨ នាប្រទេសឡាវ
* កិច្ចប្រជុំកំពូលលើកទី៦ ធ្វើឡើងនៅឆ្នាំ២០១០ នារាជធានីភ្នំពេញ ប្រទេសកម្ពុជា
* កិច្ចប្រជុំកំពូលលើកទី៧ ធ្វើឡើងនៅឆ្នាំ២០១៣ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
* កិច្ចប្រជុំកំពូលលើកទី៨ ធ្វើឡើងនៅឆ្នាំ២០១៤ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ភ្ជាប់ជាមួយការប្រជុំអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះ
* កិច្ចប្រជុំកំពូលលើកទី៩ ធ្វើឡើងនៅឆ្នាំ២០១៦ នាខេត្តសៀមរាប ប្រទេសកម្ពុជា
* កិច្ចប្រជុំកំពូលលើកទី១០ ធ្វើឡើងនៅឆ្នាំ២០១៨ នៅប្រទេសវៀតណាម
* កិច្ចប្រជុំកំពូលលើកទី១១ ធ្វើឡើងនៅឆ្នាំ២០២០ នៅប្រទេសឡាវ (តាមរយៈប្រព័ន្ធវីដេអូ)។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានចូលរួមចំណែកជួយផ្ដល់នូវជំនួយអភិវឌ្ឍន៍ផងដែរ។ សម្ដេចបញ្ជាក់ថា កាលពីឆ្នាំ២០០៥ ជប៉ុនបានផ្ដល់ថវិកាប្រមាណ២០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងតូចៗ នៅខេត្តមណ្ឌលគិរី៕