(ភ្នំពេញ)៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២៤ (ថ្នាក់វិន័យ) នៃសាលាភូមិរដ្ឋបាលចំនួន៩៨អង្គ/នាក់ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងបានត្រៀមខ្លួនអបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន។ គំនិតផ្ដួចផ្ដើមនេះដែរ ត្រូវបានបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យគម្រោងនេះលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។
ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ វេលាម៉ោង៩៖០៩នាទីព្រឹក ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជារឿយៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មន្ត្រីរាជការ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះឱ្យបានគ្រប់គ្នា តាមរយៈការវាយស្គរ គង ជួង ប៉ោត ឬវាយអ្វីមួយដែលបង្កើតបានសំឡេង។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវដូចគ្នាដែរ ក្នុងន័យឱ្យជនរួមជាតិចូលរួមអបអរសាទរឱ្យបានផុសផុល។
គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ភារៈសម្រាប់សាងសង់នូវព្រែកជីកហ្វូណនតេជោ បានត្រៀមរួចរាល់អស់ហើយសម្រាប់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន ជាគម្រោងដ៏ធំបំផុតមួយដែលបម្រើផលប្រយោជន៍ជាតិ ជាពិសេសនឹងជួយលើកស្ទួយវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជាយើង។
ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន វិស័យកសិកម្ម វិស័យធនធានទឹក វិស័យទេសចរណ៍ ដែលសុទ្ធតែនាំប្រយោជន៍ដោយផ្ទាល់ទៅក្នុងវិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយនឹងផ្តល់ផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិរាប់រយឆ្នាំទៅខាងមុខ។ រាជរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុនច្រើនជាងក្រុមហ៊ុនឯកជនរបស់ចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺរហូតដល់ជាង៥០ភាគរយ៕