(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង សិក្ខាសាលា ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញាត្តិស្តីពីពន្ធដារ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលានេះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, ក្រុមហ៊ុន សហគ្រាសឯកជន, ភ្នាក់ងារសេវាកម្មពន្ធដារ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបញ្ជៀបការស្វែងយល់អំពីរ បទបង្ហាញមួយចំនួន ដូចខាងក្រោម៖

១៖ «សៀវភៅណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រី ពន្ធដារនិងអ្នកជាប់ពន្ធ»
២៖ បរិបទនិងឧត្តមានុវត្តអន្តរជាតិលើកិច្ចការសវនកម្ម
៣៖ «សៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌស្តីពីពន្ធដារ»
៤៖ វេទិកាសំណួរ-ចម្លើយ៕