(តាកែវ)៖ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ដែលតំណាងលោក អ៊ុកសមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៅរសៀលថ្ងៃទី២១ ខែកញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ បន្តចុះចែកប័ណ្ណបើកបរចំនួន៨១ប័ណ្ណទៀត និងផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបររថយន្តដឹក កម្មករនិយោជិត នៅសាលាស្រុកបាទី។
សកម្មភាពនេះ ក៏មានការចូលរួមពីប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍រថយន្ដដឹកកម្មករ ក្នុងគោលបំណង រួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍លើការធ្វើដំណើររបស់កម្មករ និយោជិត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម។
លោក ជាវ ប៊ុនរិទ្ធ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខធ្វើឱ្យប្រជាពលរដ្ឋ កម្មករ-កម្មការិនី ស្លាប់បាត់បង់ជីវិតពី ៦-៧នាក់ ក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចំនួន ១,៩០០លើក មានអ្នកស្លាប់ចំនួន ៩,១៩នាក់ ក្នុងនោះមានកម្មករ និយោជិតចំនួន ៤២នាក់ និងរបួស ៣,៣០៩នាក់ ដែលភាគច្រើនបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងការធ្វេសប្រហែស។
ទប់ស្កាតនឹងបញ្ហាប្រឈមខាងលើនេះ ប.ប.ស បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងប្រឡងយកប័ណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករ។ ជាលទ្ធផលមានអ្នកប្រឡងជាប់ជាស្ថាពរ សរុបចំនួន ១,៦០០នាក់ ក្នុងនោះប្រភេទ "ខ"ចំនួន ១,៤៦៥នាក់ ប្រភេទ"ឃ២"ចំនួន ១៣៥នាក់ និងចែកប័ណ្ណបើកបរបានចំនួន ៩៥២ប័ណ្ណ ដោយនៅសាលាស្រុកបាទីនេះ មានចំនួន ៨១ប័ណ្ណ។
សម្រាប់គោលដៅបន្ត បេឡាជាតិរបបសន្ដិសុខសង្គម នៃក្រសួងការងារ និងអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរដឹកកម្មករ និយោជិតជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ស្របតាមប្រភេទយានយន្តឲ្យបានចំនួន ៨៤២នាក់ បន្ថែមទៀត៕